ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលផ្តល់ដាវអាជ្ញាសឹកអោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការលើជនបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធ ចងក្រងសំណុំរឿងទៅតុលាការ ទៅលើមេខ្យល់និងមេខ្លោង

ចែករំលែក៖

ភ្នំពេញ៖ ត្រៀមខ្លួនអោយហើយទៅ ជនដែលកាប់រាន ដុត ឈូសឆាយព្រៃ ព្រៃលិចទឹក យកមកធ្វើជាកម្មសិទ្ធ ទោះមានការទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំ-ស្រុក-ខេត្ត ចេញប័ណ្ណកម្មសិទ្ធក៏ដោយ ត្រូវស្រាវជ្រាវចេញដីកាដកហូត និងកសាងសំណុំរឿងជនពាក់ព័ន្ធទៅតុលាការ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត-រាជធានី ជាជំនួយការប្រតិបត្តិការ។
ក្នុងនោះដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជម្រាបជូន មកលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន
គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ គឺរាជរដ្ឋាភិបាលឯកភាពលើវិធានការដូចខាងក្រោម៖
ក. អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិតាមបណ្តាខេត្តត្រូវ៖
១. ផ្តល់មូលដ្ឋានទិន្នន័យអនុវត្តកន្លងមកលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ មកអគ្គលេខាធិការដ្ឋានប្រតិបត្តិ ដើម្បីជាមូលដ្ឋានវិនិច្ឆ័យលើកទិសដៅអភិវឌ្ឍ
ផែនការអនុវត្ត។
២.សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានាក្នុងខេត្តសាមីនីមួយៗ ក្នុងការស្រាវជ្រាវរកឯកសារពាក់ព័ន្ធនឹងការទិញ-លក់ បញ្ជាក់ការកាន់កាប់ ផ្ទេរលិខិតកាន់កាប់ដីព្រៃឈើដោយខុសច្បាប់សម្រាប់ជាមូលដ្ឋានលើការផ្ទៀងផ្ទាត់និងមានចំណាត់ការផ្លូវច្បាប់បន្តស្របតាមនីតិវិធី។

៣-រៀបចំកែសម្រួលសមាសភាអនុគណៈកម្មាធិការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រា្កបការកាប់រាន “ដុត ឈូសឆាយ
និង ហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិឯកជននេះឡើងវិញ ដោយចាត់តាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាលេខាប្រតិបត្តិ។
៤-បន្តចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានដោយខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ។
៥.រាយការណ៍អំពីវឌ្ឍនភាពអនុវត្តការងារប្រចាំត្រីមាស ឆមាស និងឆ្នាំបន្ត មកអគ្គលេខាធិការដ្ឋាន។
ប្រតិបត្តិឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីធ្វើការបូកសរុប។
ខ. អគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិត្រូវ៖
១. ដឹកនាំសម្របសម្រួលចុះពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសដីព្រៃឈើគ្រប់ប្រភេទ ដោយចាត់ការចងក្រងសំណុំរឿងទៅតុលាការតាមច្បាប់ស្តីពី៖ ព្រៃឈើ។
២.មានចំណាត់ការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើមេខ្យល់និងមេខ្លោង ដែលរៀបចំឱ្យមានចលនានៃការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃឈើខុសច្បាប់។
៣.រៀបចំផែនទីប្រើប្រាស់ដីព្រៃឈើ និងចុះបញ្ជីដីរដ្ឋទៅលើដីព្រៃដែលបានចេញដីកាដកហូតមកជាសម្បត្តិរដ្ឋ។
៤. ត្រួតពិនិត្យតាមដាន វាយតម្លៃលើការអនុវត្តរបស់អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមរម្លឹកថា៖ ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធ បង្កើតអោយមានចលនា នៃមេខ្យល់និងមេខ្លោងនេះមានច្រើនណាស់ ភាគច្រើនក្រុមអ្នកអំណាច តួនាទីកើតមាននៅតាមបណ្តាខេត្តមួយចំនួន ករណីរសើបបំផុតនៅខេត្តព្រះសីហនុ តំបន់ដីព្រៃសមុទ្ររាម ទាំងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, រាជរដ្ឋាភិបាលចេញ(សជណ)ហាមឃាត់មិនអោយក្រសួងពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធ ក៏ជនមានអំណាចមួយក្តាប់តូចជាមេៗទ័ពព្យាយាម កាយប្រឡាយហ៊ុំព័ទ្ធវាតដីរំលោភយកដីរដ្ឋ និងបម្រុងលក់អោយក្រុមហ៊ុនចិន ក្នុងតំលៃ១ម៉ែត្រការ៉េជាង១០០ដុល្លារ ក្នុងន័យយកលុយមកដោះរឿង រត់ការ បង្កើតជាក្រុមបំផ្លាញរដ្ឋបាលដ៏ស្អាតស្អំរបស់សម្តេចតេជោ ហ៊ុន សែន។
ឈ្មោះអ្នករំលោភដីរដ្ឋនៅសមុទ្ររាម គឺមាននៅក្នុងដៃថ្នាក់និងជំនាញអស់ហើយ ជាមួយនិងឯកសារក្នុង(សជណ)រាជរដ្ឋាភិបាលថែមទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖