ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា ការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងការបន្តពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង គឺជាជំហានប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េ ។
លោក ពូទីន បានលើកឡើងថា «ក្រោយពេលអាមេរិកយលព្រមពិភាក្សាជាមួយកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន បានឈប់ប្រើប្រាស់ពាក្យសំដី ឌឺដងថ្កោលទោស ធ្វើឲ្យប៉ះពាល់ដល់កូរ៉េខាងជើង ។ នៅពេលនេះ ក្តីសង្ឃឹមនៃការស្វែងរកដំណោះស្រាយសន្តិភាពបាននិងកំពុងកើតមាន»។
ប្រធានាធិបតីរុស្ស៊ីបានបន្តទៀតថា ដំណើរការឆ្ពោះទៅរកការផ្សះផ្សាជាតិសាស្ត្រ ជាមួយកូរ៉េខាងត្បូង នៅមានឧប្បស័គ្រច្រើន ប៉ុន្តែនៅពេលដែលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងល្អប្រសើរឡើងវិញនោះ អ្វីគ្រប់យ៉ាងនិងប្រសើរជាមិនខាន។
លោកពូទីនបានបន្តទៀតថា ប្រធានាធិបតីដូណាល់ ត្រាំ បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រលើបញ្ហាកូរ៉េខាងជើង ដោយលុបចោលរាល់ការយលច្រឡំនានា ហើយជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន និងបន្តពិភាក្សាស្តីពីការរំសាយអាំវុធបរមាណូ ។ លោកត្រាំ និងគីម ជុងអ៊ុន បានជួបគ្នាផ្ទាល់៣លើកមកហើយ គឺលើកទី១ នៅសិង្ហបុរីនាថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨ លើកទីពីរ ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩នៅទីក្រុងហាណូយប្រទេសវៀតណាម និងលើកទី៣ នៅតំបន់ព្រំដែនកូរ៉េទាំងពីរ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៩ ។
ទោះបីកិច្ចពិភាក្សានាពេលកន្លងមក មិនទាន់នាំមកនៅលទ្ធផល្អ ប៉ុន្តែ ការតភ្ជាប់កិច្ចពិភាក្សាឡើងវិញ គឺជារឿងដ៏ល្អបំផុត នឹងឈានដល់កិច្ចព្រមព្រៀងក្នុងពេលដ៏ខ្លីខាងមុខ ។
ការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន ចំពេលដែល គណៈប្រតិភូពិភាក្សាស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ដឹកនាំដោយ លោក Kim Myong Gil កាលពីថ្ងៃទី៣ ខែតុលា បានទៅដល់ទីក្រុង Stockholm ប្រទេសស៊ុយអែតដើម្បីពិភាក្សាជាមួយគណៈប្រតិភូអាមេរិក ស្តីពីការរំសាយបរមាណូ និង ការលុបទណ្ឌកម្មទៅលើកូរ៉េខាងជើង។
មានប្រសាសន៍មុនពេលឡើងយន្តហោះនៅទីក្រុងប៉េកាំង ប្រទេសចិនបន្តទៅកាន់ស៊ុយអែត លោក Kim Myong Gil បានបញ្ជាក់ថា លោកនឹងមន្ត្រីច្រើនរូបទៀត ធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែតពិភាក្សាជាមួយអាមេរិក។ សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ថាបានបាញ់មីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យ។
ការបាញ់សាកល្បង កាលពីថ្ងៃទី២ ខែតុលា គឺជាសារសំខាន់ ផ្ញើរទៅកាន់អាមេរិក មុនពេលពិភាក្សាចាប់ផ្តើម ថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍សព្វាវុធ រហូតដល់ពេលណាដែលសន្តិសុខប្រទេសជាតិត្រូវបានធានា ។
តាមសារព័ត៌មានស៊ុយអែត គណៈប្រតិភូកូរ៉េខាងជើង បានទៅដល់តំបន់VIPនៃអាកាសយានដ្ឋាន អន្តរជាតិ Arlanda ហើយបានឡើងរថយន្តបន្តដំណើរទៅកាន់ស្ថានទូតកូរ៉េខាងជើងនៅលើកោះ Lidingo ។ តាមគម្រោងកិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែតុលាឆ្នាំ២០១៩។
រយៈពេលកន្លងមកនេះកូរ៉េខាងជើង បានសាកល្បង មីស៊ីលជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី២ ខែតុលា ទីក្រុងព្យុងយ៉ាងក៏បានបាញ់សាកល្បងមីស៊ីល ព្រមគ្នាជាមួយការប្រកាសជាផ្លូវការតភ្ជាប់កិច្ចពិភាក្សាជាមួយអាមេរិក។
ក្រុមអ្នកវិភាគបានលើកឡើងថា ការសាកល្បងមីស៊ីលចេញពីនាវាមុជទឹកនោះ នឹងធ្វើឲ្យដំណើរការ ពិភាក្សា ជួបផលលំបាក ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចាជាមួយកូរ៉េខាងជើង នឹងដំណើរការទៅមុខ ទោះបីបាញ់សាកល្បងមីស៊ីលក៏ដោយ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានថ្លែងថា កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនឹងដំណើរការឆ្ពោះទៅមុខ គ្មានរាថយអ្វីឡើយ បើទោះបីការសាកល្បងមីស៊ីលផ្លោងចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ ។
លោកត្រាំ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានថា «ពួកគេចង់ពិភាក្សា យើងនឹងពិភាក្សាជាមួយពួកគេ» ។ លោកបញ្ជាក់ថាទៀតថា «យើងនឹងដឹងហើយ» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងនេះ នៅក្រោយពីកូរ៉េខាងជើងប្រកាសថា នឹងជួបពិភាក្សាជាមួយអាមេរិក ពាក់ព័ន្ធបញ្ហារំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការដកទណ្ឌកម្មអាមេរិកពីកូរ៉េខាងជើង ។
កិច្ចពិភាក្សានាពេលកន្លងមកមិនទទួលបានជោគជ័យនោះឡើយ ទាំងនៅប្រទេសសិង្ហបុរី ក៏ដូចនៅប្រទេសវៀតណាម ហើយមេដឹកនាំអាមេរិក និងកូរ៉េខាងជើង កាលពីអំឡុងជួបគ្នាលើកទីបីនៅតំបន់ព្រំដែនឧបទ្វីបកូរ៉េគ្មានយោធានោះ បានប្តេជ្ញាបន្តកិច្ចពិភាក្សាគ្នាទៀត រហូតទាល់តែលទ្ធផលសម្រេចបានជាវិជ្ជមាន គឺការរំសាយអាវុធនុយក្លេអ៊ែរ នាំមកនូវសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយនិងការលុបទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងព្យុងយ៉ាង ៕