ការបាញ់ប្រហារកើតឡើងនៅអាមេរិក ស្ទើរតែរៀងរាល់ថ្ងៃ ដោយរដ្ឋាភិបាល មិនអាចទប់ស្កាត់បាននោះឡើយ ។ នៅពេលនេះ មានមនុស្ស៤នាក់ស្លាប់ និង៥នាក់រងរបួសដោយការបាញ់ប្រហារ ក្នុងក្លឹបរាត្រី នៅទីក្រុង Kansas អាមេរិក កាលពីថ្ងៃទី៦ ខែតុលា ។
ហេតុការណ៍បាញ់ប្រហារកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃ៦ ខែតុលា (ម៉ោងក្នុងតំបន់) ស្ថិតនៅក្លឹបរាត្រីTequila KC កណ្តាលទីក្រុង Kansas ។ នៅពេលបាញ់ប្រហារកើតឡើង មានមនុស្សប្រមាណ៤០នាក់នៅក្នុងក្លឹបនោះ។
ប៉ូលិសបានឲ្យដឹងថា មានជនដៃដល់ម្នាក់ប្រើប្រាស់កាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ ដែលជាបុរស។ លោក Thomas Tomasic ស្នងការប៉ូលិសKansas បានបញ្ចាក់ថា« ក្រុមអ្នកស៊ើបអង្កេត ត្រួតពិនិត្យសាកសពបានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ ដើម្បីបញ្ជាក់ឲ្យបានច្បាប់លាស់។
កម្លាំងប៉ូលិសក៏បានបើកការស្រាវជ្រាវ ថា តើជនដៃដល់ មានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងក្លឹបរាត្រី ផ្សេងទៀតនៅមុនការបាញ់ប្រហារខាងលើ ប៉ុន្មានម៉ោងដែរឬទេ។ ក្នុងចំណោមជនរងគ្រោះ៤នាក់ មានម្នាក់អាយុ៥០ឆ្នាំ ម្នាក់អាយុជាង៣០ឆ្នាំ និង២នាក់ទៀតមានអាយុប្រមាណ២០ឆ្នាំ។ ចំណែកអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
អំពើបាញ់ប្រហារបានកើតឡើងទៀតហើយនៅក្នុងប្រទេសដែលពលរដ្ឋមានសិទ្ធិកាន់កាប់ និងប្រើប្រាស់អាវុធស្របច្បាប់ ។ សហរដ្ឋអាមេរិកតែងកើតមានការផ្ទុះអាវុធជាញឹកញាប់ ជាក់ស្តែងនៅពេលនេះ មានករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់ ។
កាលពីសប្តាហ៍កន្លងមក នៅទីក្រុង Vancouver រដ្ឋវ៉ាស៊ីនតោន ក៏មានអំពើបាញ់ប្រហារមួយបានកើតឡើងនៅអគារអាផាតមែនមួយកន្លែង ដែលមនុស្សច្រើននាក់ត្រូវរាយការណ៍ថា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយសារស្ថានភាពរងរបួសធ្ងន់ធ្ងរ ។ ក្នុងនោះម្នាក់បានបាត់បង់ជីវិត ៕