អណ្តើកយក្ស ដែលមានអាយុកាល រហូតដល់ទៅ៣៤៤ឆ្នាំ រស់នៅក្នុងទឹកដីអាហ្វ្រិក បានងាប់ហើយ នៅដើមខែតុលាឆ្នាំ២០១៩។ សត្វអណ្តើកនេះឈ្មោះថា Alagba បានធ្លាក់ខ្លួនឈឺមួយរយៈពេលខ្លី ក៏ស្លាប់តែម្តងក្នុងអាយុសរុប៣៤៤ឆ្នាំ ។ សត្វអណ្តើកនេះ មានអំណាចឫទ្ធិអាចព្យាបាលអ្នកជំងឺខាងស្មារតីឲ្យជាសះស្បើយទៀតផង ។
អ្នកនាំពាក្យមួយរូបបានបញ្ជាក់កាលពីថ្ងៃទី៥ ខែតុលាថា សត្វអណ្តើកមួយក្បាលរបស់រាជវាំងនីហ្សេរីយ៉ា មានអាយុ៣៤៤ឆ្នាំនោះ បានងាប់នៅក្នុងទីក្រុង Ogbomosho ស្ថិតនៅភាគនិរតីរបស់ប្រទេសនីហ្សេរីយ៉ា ។
ទោះបីយ៉ាងណា អ្នកជំនាញ មានចម្ងល់ថា តើសត្វអណ្តើកនេះមានអាយុវែងដល់ថ្នាក់ហ្នឹង បានដោយរបៀបណា? ។ វាជាសត្វអណ្តើករបស់រាជវាំង ឈ្មោះ Alagba មានន័យថា អាយុវែង បានរស់នៅក្នុងរាជវាំងរាប់សតវត្សរ៍មកហើយ ។
លោក Toyin Ajamu ជំនួយការផ្ទាល់ព្រះមហាក្សត្រ Jimoh Oyewunmi បានប្រាប់ប្រភព AFPថា សត្វអណ្តើក ឈ្មោះAlagba បានងាប់ បន្ទាប់ពី វាធ្លាក់ខ្លួន«ឈឺមួយរយៈពេលខ្លី» កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ។
លោក Ajamu បានរ៉ាយរ៉ាប់ទៀតថា នាង Alagba ជាសត្វអណ្តើកអាយុវែងជាងគេបំផុតនៅក្នុងតំបន់អាហ្វ្រិក ។ «Alagba បានរស់នៅក្នុងវាំងរាប់សតវត្សរ៍ ។ សត្វអណ្តើកនេះ ក្លាយជាសត្វសព្វព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រច្រើនអង្គកាលពីអតីតកាល ស្ថិតនៅក្នុងរាជវាំងទីក្រុង Ogbomosoនេះ» ។
សត្វអណ្តើកនេះ ត្រូវបាននាំយកមកឲ្យរស់នៅក្នុងរាជវាំង ដោយ Isan Okumoyede អ្នកគ្រប់គ្រងតាមបែបប្រពៃណីទីបី ស្ថិតនៅក្នុងទីក្រុងខាងលើនេះ តាំងពីរាប់សតវត្សរ៍កន្លងមកហើយ។
លោក Ajamu បានបន្តថា ជាញឹកញាប់ ព្រះមហាក្សត្រ តែងតែចំណាយពេលវេលាជាមួយសត្វអណ្តើកនេះ ។ ជាមូលដ្ឋានប្រចាំថ្ងៃរបស់សត្វអណ្តើក Alagba បានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោកឲ្យទៅទស្សនា ។ ព្រះមហាក្សត្របានចាត់មនុស្ស២នាក់មើលថែសត្វអណ្តើកនេះ ។
លោក Ajamu បានបញ្ជាក់ទៀតថា ក្រោយពីសត្វអណ្តើកនេះងាប់ ស្នូក ឬឆ្អឹងរបស់វា ត្រូវបានរក្សាទុក ដើម្បីជាកេរ្តិ៍ដំណែលទុកឲ្យកូនចៅជំនាន់ក្រោយបានដឹង និងបានស្គាល់ផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំនាញមួយរូបបាននិយាយអំពីចម្ងល់ថា តើសត្វអណ្តើកនេះ រស់នៅបានអាយុវែងដល់ម្លឹងម្តេចទៅកើត?
អ្នកជំនាញឈ្មោះ Yomi Agbato វេជ្ជបណ្ឌិត្យឯកទេសខាងពេទ្យសត្វមូលដ្ឋាននៅទីក្រុង Lagos បាននិយាយថា «ខ្ញុំមានការសង្ស័យយ៉ាងខ្លាំងពាក់ព័ន្ធអាយុពិតប្រាកដរបស់សត្វអណ្តើកមួយក្បាលនេះ ។ ខ្ញុំមានចម្ងល់ថា តើវាមានអាយុ៣៤៤ឆ្នាំបានម្ត៉េចទៅកើត បើជាធម្មតា អាយុខៃរបស់សត្វអណ្តើកមានប្រហែលតែ១០០ឆ្នាំនោះ»។
យោងតាមលោក Ajamu បាននិយាយទៀតថា សត្វអណ្តើកនេះ មានថាមពលអស្ចារ្យ អាចព្យាបាលជំងឺថែមទៀតផង ។ លោកថា មនុស្សជាច្រើនដែលមានបញ្ហាផ្នែកស្មារតី នៅពេលដែលបានមកពាល់ជាមួយសត្វអណ្តើករួចហើយ តែងបានជាសះស្បើយជានិច្ច ៕