ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បង្កើនការដាក់គំនាបទៅលើប្រទេសចិន មុនកិច្ចពិភាក្សាពាណិជ្ជកម្មថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី​៨ ខែតុលាបានប្រកាសថា ​នឹងកាត់បន្ថយការផ្តល់ទិដ្ឋការដល់មន្ត្រីចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធដោយផ្តល់ ក្នុងការវាយប្រហារដាក់គំនាបទៅលើក្រុមជនជាតិ ភាគតិចកាន់សាសនាអ៊ីស្លាម​នៅតមបន់ស៊ីនជាំង​។

រដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ Mike Pompeo ​បានប្រកាសថា ក្រសួងការបរទេស​អាមេរិក នឹងកាត់បន្ថយការផ្តល់ ទិដ្ឋការដល់ មន្ត្រីចិន ​ដែលបានធ្វើទុក្ខបុកម្នេញ​ដល់ ក្រុមជនជាតិអ៊ុយហ្គ័រ​នៅក្នុងខេត្ត ស៊ីនជាំង​។ ប៉ុន្តែ មន្ត្រីអាមេរិក ប្រកាសថា​កិច្ចពិភាក្សាស្តីពីវិស័យពាណិជ្ជកម្ម នឹងត្រូវធ្វើឡើងទៅតាម ការកំណត់ គឺនៅក្នុងសប្តាហ៍នេះ ។

នៅក្នុង​សប្តាហ៍​នេះ អាមេរិក​និង​ចិន ​ផ្តើម​ចូលតុចរចា​ជាថ្មី ដើម្បី​រក​ផ្លូវ​ទៅដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម។ ប្រមុខ​ដឹកនាំការ​ចរចា​ពីភាគី​ចិន លោក​អនុនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ដំណើរ​ចេញ​ពីស្រុក​ចិន​​ហើយ សម្រាប់​ចូលរួម​​តុ​ជជែក​គ្នាជាមួយ​ភាគី​អាមេរិក​ នៅ​ថ្ងៃព្រហស្បតិ៍ និង​ថ្ងៃសុក្រ​ ទី​១០ និងទី​១១ ខែតុលា។ ការ​ផ្តើម​ពិភាក្សា​គ្នានេះ ស្ថិត​នៅក្នុង​បរិយាកាស​តានតឹង ដ្បិ​ត​អាមេរិក​ កំពុង​ត្រៀម​ដាក់​ក្រុម​ហ៊ុន​ឯកជន​និងក្រុមហ៊ុន​របស់​​រដ្ឋចិន ចំនួន​២៨ ចូល​បញ្ជីខ្មៅ គឺក្រោយ​ពីមានភស្តុតាង​ថ្មី បង្ហាញថា​ អាជ្ញាធរ​ចិន​កំពុងតែ​ធ្វើ​ទុក្ខបុកម្នេញនិងចង់​លុប​​បំបាត់​ពូជសាសន៍​ជនជាតិ​ភាគតិច​អ៊ីស្លាម​ អ៊ុយហ្គរ។ ដូច្នេះ តើ​ការ​ចរចា​គ្នា​នេះ អាច​នឹង​ឈាន​ទៅលុប​បំបាត់​ជម្លោះ​នៃសង្គ្រាម​ពាណិជកម្ម​បាន​ដែរឬទេ?​

ជាមួយគ្នានេះដែរ​​​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​គឺ​នៅក្នុង​ឱកាស​ដែល​លោក​ចុះ​កិច្ចព្រមព្រៀង​ដោយ​ផ្នែក ​ជាមួយ​ប្រទេស​ជប៉ុន។ សម្ព័ន្ធមិត្ត​​ចាក់​ទឹក​មិនលិច​អាមេរិក​និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា​លើកលែងពន្ធ​ ឬ​/និង​កាត់​បន្ថយ​ពន្ធចំពោះ​គ្នាទៅវិញទៅមក នៅ​លើ​ផ្នែក​ទំនិញ​កសិកម្ម ដូចជា សណ្តែក តែ​ខៀវ សាច់​ជ្រូក សាច់​គោ ជាដើម។ ក៏ប៉ុន្តែ ផ្នែក​ឧស្សាហកម្ម ដូច​ជា​ការ​នាំចូល​រថយន្ត​ជប៉ុន ទៅអាមេរិក គឺនៅ​ជាប់​ពន្ធ​ច្រើន​នៅឡើយ។

ចំណុចបែប​ដូច្នេះ គឺ​​អាមេរិក​មិន​ចង់​ធ្វើ​ជាមួយប្រទេស​​ចិន​នោះឡើយ។ ពោល​គឺ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​តែម្តង​ ហើយ​ទាល់​តែ​ជាកិច្ចព្រមព្រៀង​​ថ្មីមួយ​ដែល​ល្អ ប្រសិន​បើ​មិន​ល្អប្រសើរបម្រើប្រយោជន៍​សេដ្ឋកិច្ចបាន​​ច្រើន​​សម្រាប់​អាមេរិកទេ គឺ​អាមេរិករបស់​លោក ត្រាំ សុខចិត្តថា​​មិនបាច់​​ចុះ​កិច្ចព្រមព្រៀង​អ្វីទាំងអស់។

បន្ថែមពីនេះ​ ភាគី​អាមេរិក​ តាមរយៈ​ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់ទៀត​ថា នឹង​យក​គ្រប់​ប្រធានបទ​នៃ​ផ្នែក​ពាណិជកម្ម មកដាក់​លើ​តុដើម្បី​ចរចាគ្នា​តែម្តង។

ពីភាគ​ចិន​វិញ មិន​ទាន់​បញ្ហាជំហរ​ពីការ​ដាក់​លក្ខខណ្ឌ​អ្វី​នៅឡើយទេ។ ថ្នាក់​ដឹកនាំចិនទទួល​បន្ទុក​ចរចា​ក្នុង​ជម្លោះ​ពាណិជកម្ម​ ដែល​ដឹកនាំ​ដោយ​អនុនាយករដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​ចេញពីស្រុក​ចិន សម្រាប់​ទៅ​ចរចា​ ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃសុក្រ​ ទី១០-១១ តុលា។​ ការ​ចរចា​​នេះគឺជាការជួបចរចាគ្នា ជាគម្រប់លើកទី១៣ គិត​តាំងពីពេលដែលមហាប្រទេសទាំងពីរប្រកាសសង្គ្រាមពាណិជ្ជកម្ម ដាក់គ្នាទៅវិញទៅមក ជាង១ឆ្នាំកន្លះមកនេះ។

ក្រោយពេលព្រ​មចូល​តុចរចាគ្នា​នេះ គឺ​សុខភាព​សេដ្ឋកិច្ច​ពិភពលោកទាំង​មូល​ ហាក់​បាន​ធូរ​ស្រាល​បន្តិច ​ទីផ្សា​ភាគហ៊ុន​ពិភពលោក បាន​ក្រោក​ងើប​ បាន​ល្អ នៅ​ដើម​សប្តាហ៍​នេះ តាំងពី​ផ្សារហ៊ុន​នៅ​ក្រុង​ញូវយ៉ក នៅ​ក្រុង​ឡុងរបស់​អង់គ្លេស នៅអឺរ៉ុប នៅ​អាស៊ី តូក្យូ សៀងហៃ គឺ​សុទ្ធតែ​​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​មក​ថា បាន​ងើប​ឡើង​ល្អទាំងអស់។

រឿង​នេះ គឺគ្មា​នអ្វីចម្លែក​ទេ ព្រោះ​គេបាន​ដឹង​ហើយថា សង្គ្រាមពាណិជ្ជកម្មរវាង​យក្ស​ចិន​និង​ដំរី​អាមេរិក មិន​មែន​ប៉ះពាល់​តែ​ប្រទេស​ទាំងពីរទេ គឺ​ផលវិបាក​កើត​មាន​ដល់​គ្រប់​ប្រទេស​លើកលោក គ្រាន់តែ​តិច​ឬច្រើន។

ចិន​និងអាមេរិក ចាំបាច់​ណាស់​ការ​សម្បទាន​ឱ្យ​គ្នាទៅវិញទៅមក​ ដើម្បី​សម្តែង​ឆន្ទៈ​វិល​រក​តុចរចា​។ ការ​សម្បទាន​ផ្តល់​ឱ្យ​គ្នាទៅវិញទៅមក គឺ​គេ​ឃើញ​មាន​ច្រើន​ នៅក្នុង​ខែ​កញ្ញា​កន្លងទៅ។

តាម​ធម្មតា ពន្ធនាំចូល​ថ្មី លើរង្វង់​ទឹក​ប្រាក់​២៥០ពាន់លានដុល្លារចំពោះ​ទំនិញ​ ត្រូវចូល​ជាធរមានរួច​ទៅហើយ​ ប៉ុន្តែ​​ អាមេរិក​បាន​លើកពេល​អនុវត្ត​ពន្ធ​នាំចូលនេះ​ ទៅ​ពាក់​កណ្តាល​ខែតុលាវិញ​ គឺ​ថ្ងៃទី​១៥សប្តាហ៍ក្រោយ ពីព្រោះ​អាមេរិក​យល់ថា ដើម​ខែ​តុលា​ ចិន​រវល់​ខ្លាំង​ដើម្បីរៀបចំ​បុណ្យ​ខួបកំណើត​៧០ឆ្នាំ​នៃបក្ស​កុម្មុយនីស្ត។

ពីខាង​ចិន​វិញ ក្រុង​ប៉េកាំង​យោគយល់​ផ្តល់​ការ​សម្បទាន​ដល់​អាមេរិក​វិញ ដោយ​អនុញ្ញាត​ឲ្យ​នាំ​ចូល​​ ជ្រូក​និងសាច់​ជ្រូក ព្រមទាំង​ សណ្តែក​របស់​អាមេរិក នាំចូល​លក់​នៅស្រុក​ចិន​វិញ។ ដូច​យើង​ដឹង​ស្រាប់​ថា​ ជ្រូក​និង​សណ្តែក ជា​ផលិត​ផល​កសិកម្ម​ដ៏សំខាន់​មួយ​របស់​អាមេរិក។

មួយ​វិញទៀត​ សហគ្រាស​រកស៊ីផ្នែក​ហិរញ្ញរបស់​អាមេរិក គឺ​ក្រុម​ហ៊ុន​ PayPal ដែល​មា​នមូលដ្ឋាន​នៅ​រដ្ឋកាលីហ្វ័រញ៉ា ទើបតែ​ទទួល​អាជ្ញាបណ្ណ​បាន​សិទ្ធិ​រកស៊ី​ទូទាត់​សាច់ប្រាក់ និងការ​ចាយ​វាយផ្សេងៗ​​ នៅក្នុង​ប្រទេស​ចិន។ នេះ​គឺជាក្រុម​ហ៊ុន​បរទេស​ទីមួយ​ហើយ ដែល​អនុញ្ញាតឱ្យ​រកស៊ី​ផ្នែក​នេះ នៅ​ស្រុក​ចិន៕


ចែករំលែក៖