វិវាទពាណិជ្ជកម្ម រវាង មហាអំណាចសេដ្ឋកិច្ច តំបន់អាស៊ី គឺកូរ៉េខាងត្បូងនិងជប៉ុន បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ពលរដ្ឋដែលមានទស្សនៈជាតិនិយមបានឈប់ប្រើប្រាស់ផលិតផល របស់គូភាគីម្ខាងទៀត។
នៅពេលនេះ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង កាលពីថ្ងៃ ១០ តុលាបានប្រកាសថា មន្ត្រីកម្រិតអគ្គនាយករបស់ខ្លួននឹងជួបប្រជុំពិភាក្សាជាមួយសមភាគីជប៉ុននៅក្នុងសប្តាហ៍នេះ ស្ថិតនៅក្នុងប្រទេសស៊ី្វស ស្តីអំពីបញ្ហាជប៉ុនរារាំង ការនាំចេញទៅកាន់កូរ៉េខាងត្បូង ហើយដែលបង្កជាជម្លោះពាណិជ្ជកម្ម ឈានដល់ទីក្រុងសេអ៊ូលប្តឹងប្រឆាំងទីក្រុងតូក្យូ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO)នោះ ។
ក្រសួងពាណិជ្ជកម្ម, ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានប្រកាសថា កិច្ចប្រជុំរវាងមន្ត្រីប្រទេសទាំងពីរនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ថ្ងៃសុក្រ (ពេលវេលានៅប្រទេសស៊ី្វស) ។
កូរ៉េខាងត្បូងបានដាក់ពាក្យប្តឹងជប៉ុនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ហើយជំនួបលើកនេះ គឺជាលើកដំបូងហើយដើម្បីរកដំណោះស្រាយរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០១៩ ជប៉ុនបានរិតបន្តឹងការនាំចេញនូវផលិតផល៣ប្រភេទទៅកាន់កូរ៉េខាងត្បូង ។ ផលិតផលជាន់ខ្ពស់ទាំងនោះត្រូវគេប្រើប្រាស់សម្រាប់ផលិតបន្ទះអង្គចងចាំ (មីមូរីឆីប) ហើយនិងបន្ទះអេក្រង់ទូរស័ព្ទ ទូរទស្សន៍ ដែលក្រុមហ៊ុនកូរ៉េខាងត្បូងត្រូវការយ៉ាងចាំបាច់ ។
ក្នុងខែសីហា ឆ្នាំ២០១៩ ជប៉ុនបានទម្លាក់កូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលទុកចិត្ត ហើយជាការតប់តវិញ កូរ៉េខាងត្បូងបានទម្លាក់ជប៉ុនចេញពីប្រទេសជាដៃគូនាំចេញដែលទុកចិត្តផងដែរ ។
ទីក្រុងសេអ៊ូលបានលើកឡើងថា ការរិតបន្តឹងនាំចេញរបស់ជប៉ុន គឺជាការសងសឹកចំពោះតុលាការជាន់ខ្ពស់កូរ៉េខាងត្បូងដែលសម្រេចបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តជនរងគ្រោះពលរដ្ឋកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឲ្យពលកម្មដោយគ្មានប្រាក់ខែពីឆ្នាំ១៩១០ រហូតដល់ឆ្នាំ១៩៤៥ គឺអំឡុងពេលកងទ័ពជប៉ុនចូលធ្វើអាណានិគមន៍លើឧបទ្វីបកូរ៉េ ៕