ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងទៅបំពេញទស្សនកិច្ច ប្រទេសចំនួនបី នៅក្នុងតំបន់សហភាពអឺរ៉ុប ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹក នាំប្រទេសទាំងបីនោះ។
ប្រទេសទាំងបីដែលសម្តេចតេជោ នឹងត្រូវបំពេញទស្សនកិច្ចជាផ្លូវការនោះរួមមានប្រទេសសាធារណរដ្ឋឆែក ប្រទេសហុងគ្រី និងប្រទេសសាធារណរដ្ឋប៊ុលហ្គារី ហើយនៅអំឡុង ពេលស្នាក់នៅប្រទេសទាំងបី សម្តេចគ្រោងនឹងជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំ កំពូលៗនៃប្រទេសទាំងបី ដាច់ដោយឡែកពីគ្នាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៩នេះ។
សេចក្តីប្រកាស បានឲ្យដឹងទៀតថា នៅក្នុងប្រទេសឆែក សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ និងលោកអេនដ្រេហ្គ បាប៊ីស (Anrej babis)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក និងលោកចារ៉ូស្លែវ គុបេរ៉ា(Jaroslav Kubera) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋ ឆែកនៅថ្ងៃទី១៣ដល់ថ្ងៃទី១៤ ។ក្រោយកិច្ចជំនួបពិភាក្សាទ្វេភាគី ជាមួយលោកអេនដ្រេហ្គ បាប៊ីសលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹង មានការផ្លាស់ប្តូរបទពិសោធន៍ នឹងគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ រួមទាំងចុះហត្ថលេខាលើ ឯកសារមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកលើកទី៣(3td BWS) នៅថ្ងៃទី១៥តុលា ឆ្នាំ២០១៩នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ នៅក្នុងកិច្ចប្រជុំសម្តេច នឹងថ្លែងសន្ទរកថាបើកផ្តោតទៅលើអាទិភាព យុទ្ធសាស្ត្រនិងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បី សម្រេចបាននូវការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព ហើយសម្តេចក៏នឹងលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នា សម្រាប់សន្តិសុខទឹកនិង និរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែនជាដើម។ ក្រោយពី ចូលរួមកិច្ចប្រជុំខាងលើនៅប្រទេសហុងគ្រីនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សា ការងារមួយចំនួនជាមួយលោក យ៉ាណូស អាឌ័រប្រធានាធិបតីហុងគ្រី និងលោកសម្តែងការគួរ សមជាមួយលោកលី យ៉ុង អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ(UNIDO)ផង ដែរ។
ដោយឡែកសម្រាប់ដំណើរទស្សនកិច្ច នៅប្រទេសសាធារណរដ្ឋប៊ុលហ្គារីនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦សម្តេច នឹងចូលជួបសម្តែងការគួរសមជាមួយលោក រូមិន រ៉ាដេវ ប្រធានាធិបតី របស់សាធារណរដ្ឋប៊ុលហ្គារី និងជំនួបពិភាក្សាទ្វេភាគី ជាមួយលោក បូយកូ បូរីសុវ នាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្គារីដើម្បីពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគតំបន់ និងអន្តរជាតិ ដែលផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា និងនិងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរផងដែរ៕