ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា នឹងខិតខំដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយជាងមួយឆ្នាំកន្លងមក រវាងអាមេរិក នឹងចិន។ លើសពីនេះ ទៅទៀត ប្រធានាធិបតីអាមេរិក សង្ឃឹមថា នៅក្នុងជំនួប ខែក្រោយ នៅប្រទេសឈីលី គឺជាឱកាសដើម្បីប្រទេសមហាអំណាចទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។
មានប្រសាសន៍ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែតុលា នៅសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ចិនបានបំពេញទៅតាមសំណើ របស់អាមេរិកដោយសម្រេចទិញផលិតផលកសិកម្ម មួយចំនួន ពីអាមេរិក ។ ប៉ុន្តែសេតវិមានសង្ឃឹមថា ចិននិងមានសកម្មភាពប្រសើរជាងនេះទៀត ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ចិនទាមទារឲ្យដាក់ទណ្ឌកម្មអាមេរិកក្នុងទំហំទឹកប្រាក់ «២.៤ពាន់លានដុល្លារ» ពាក់ព័ន្ធការល្មើសច្បាប់ WTO ។ សេចក្តីរាយការណ៍ព័ត៌មានមួយ បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិនកំពុងតែស្វះស្វែង ដើម្បីឲ្យមានការដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ ២.៤ពាន់លានដុល្លារពាក់ព័ន្ធការដែលសហរដ្ឋអាមេរិក មិនអនុលោមតាមសេចក្តីសម្រេច របស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងបញ្ហាពន្ធមួយ កាលពីសម័យអនុវត្តន៍គោលនយោបាយ អូបាម៉ាឃែរ (Obama Care)។
ចៅក្រមទទួលបន្ទុកបណ្តឹងឧទ្ធរណ៍នៃអង្គការ WTO បាននិយាយកាលពីខែកក្កដាថា សហរដ្ឋអាមេរិកមិនបានអនុលោមតាមសេចក្តីសម្រេចរបស់ WTO នោះឡើយ ដូច្នេះអាមេរិកនឹងអាចប្រឈមមុខការដាក់ទណ្ឌកម្ម ដែលត្រូវបានស្នើឡើងដោយចិន ប្រសិនបើប្រទេសនេះ មិនព្រម ដកទណ្ឌកម្មលើផលិតផលបន្ទះសូឡា, បង្គោលកង្ហារផលិតអគ្គិសនីដោយថាមលខ្យល់, ដែក-ស៊ីឡាំង និងអាលុយមីញ៉ូមទេនោះ។
គួរបញ្ជាក់ថា តាមរយៈសំណើដែលត្រូវបានអង្គការ WTO ធ្វើការចេញផ្សាយ នៅមុនការលើកយកបញ្ហាខាងលើ ទៅដោះស្រាយក្នុងអង្គវិនិច្ឆ័យ (DSB) នៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ ប្រទេសចិនបានលើកឡើងថា «ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលមិនព្រមគោរពតាមសេចក្តីសម្រេច និងការណែនាំ ប្រទេសចិនសូមស្នើដល់អង្គវិនិច្ឆ័យ DSB នៃអង្គការ WTO ព្យួរកាតព្វកិច្ចពាក់ព័ន្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក និងបញ្ឈប់ការផ្តល់សមប្បទានដែលស្មើនឹងទឹកប្រាក់ ២.៤ពាន់លានដុល្លារ»៕