ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានជនសង្ស័យ១ក្រុម ដោះយកគ្រឿងអលង្ការមាស និងយកលុយអស់សរុប៥ពាន់ដុល្លារ ដឹកយកនាងតាំងពីខេត្តព្រះសីហនុ មកទុកចោលនៅត្រង់ចំណុចនៅតាមផ្លូវក្នុងភូមិចំការ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង១២និង៥០នាទរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកអ្នករត់ម៉ូតូឌុបក៏បានដឹកយកទៅប្រគល់ជូននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ ។
ស្រ្តីរងគ្រោះរូបនោះបានប្រាប់ថា នាងឈ្មោះសាំ យ៉ាស់ អាយុ២១ឆ្នាំជនជាតិខ្មែរឥស្លាម មានមុខរបរលក់ឥវាន់បោះដុំ មានទីលំនៅក្នុងភូមិវាលរេញ សង្កាត់វាលរេញ ក្រុងព្រៃនប់ខេត្តព្រះសីហនុ បាត់បង់គ្រឿងអលង្ការមាស១តម្លឹងកន្លះ និងលុយ១២លានរៀល ។ នាងមិនបានដឹងថា ខ្លួនឯងមានរឿងអ្វីកើតឡើងនោះទេ គឺគ្រាន់តែចាំបានថា នៅមុនពេលកើតហេតុ គាត់បានយកលុយចំនួន១២លានរៀល ហើយបានជិះម៉ូតូឌុប១គ្រឿងទៅកាន់ផ្សារវាលរេញ ដើម្បីយកយកលុយខាងលើទៅសងម៉ូយថ្លៃទិញឥវាន់ ។
ប្រភពដដែលបានបន្តថា លុះពេលជិះម៉ូតូទៅដល់ផ្សារវាលរេញគាត់បានទិញទឹកសុទ្ធ១ដបផឹក ក្រោយមកក៏ស្រាប់តែលែងដឹងខ្លួនរហូតតែម្ដង លុះពេលដឹងខ្លួនឡើងវិញ ស្រាប់តែមកស្ថិតនៅចំណុចខាងលើទៅវិញ
ហើយលុយព្រមទាំងគ្រឿងអលង្ការមាសបាត់អស់ពីខ្លួន មិនតែប៉ុណ្ណោះ មានអាការៈមិនស្រួលខ្លួនរវើរវាយវិលមុខ ខុសប្រក្រតីថែមទៀតផង ។
បន្ទាប់ពីសង្កេតឃើញស្រ្តីរងគ្រោះរូបនេះមានអការបែបនេះ នគរបាលសង្ស័យថា នាងត្រូវថ្នាំសណ្ដំ ទើបប្រាប់ឲ្យបុរសម្នាក់ដែលត្រូវជាបងថ្លៃដឹកទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗដែរ ហើយពេលណាធូរស្រាល ចាំមកដាក់ពាក្យបណ្ដឹងជាក្រោយ ៕សុខាសែនជ័យ