អ៊ីរ៉ាក់ រងការវាយប្រហារ ពីអាមេរិកនៅក្នុងឆ្នាំ២០០៣ ហើយតាំងពីពេលនោះមកប្រទេសនេះធ្លាក់នៅក្នុងអសន្តិសុខ វិបត្តិនយោបាយតែងតែកើតឡើងអត់ឈប់ឈរ ក៏ដូចជាមានបាតុកម្មប្រឆាំង រដ្ឋាភិបាលជាបន្តបន្ទាប់។
នៅពេលនេះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាដេល អាបដុល មាឌី ( Adel Abdul Mahdi) បានថ្លែង កាល ពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រី និងស្នើឲ្យកែសម្រួលច្បាប់បោះឆ្នោត ចំពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
សារព័ត៌មាន Sputniknews បានផ្សាយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានថ្លែងបន្តផ្ទាល់ នៅលើ បណ្តាញទូរទស្សន៍ប៉ុស្តិ៍ អារ៉ាប់ ធីវី ថា «សប្តាហ៍ក្រោយនេះ យើងនឹងរុះរើរដ្ឋមន្ត្រី នៅក្នុង ជួរ គណៈរដ្ឋមន្ត្រី… យើងក៏នឹងណែនាំពីការកែប្រែច្បាប់ដែលមានស្រាប់ ស្តីអំពីការបោះឆ្នោត និងពិចារណាអំពីតួនាទីរបស់គណៈកម្មាធិការរៀបចំបោះឆ្នោតផងដែរ»។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានថ្លែងពន្យល់ថា ការលាលែងរបស់មន្ត្រីរដ្ឋាភិបាល, ការទាមទាររបស់បាតុករ នឹងអង្រួនប្រទេសនេះ ឲ្យស្ថិតនៅក្នុងស្ថានភាពវឹកវរ គួរឲ្យព្រួយបារម្ភមួយ។
ក្រៅអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនោះ លោក ម៉ាឌី ក៏បានប្រកាសពីការ កាត់បន្ថយ ប្រាក់ខែរបស់មន្ត្រីរដ្ឋការជាន់ខ្ពស់ ចំនួន៥០ភាគរយ ក្នុងនោះមានទាំងប្រាក់ខែរដ្ឋមន្ត្រី និង ប្រធានាធិបតី ផងដែរ។ បន្ថែមពីលើនេះទៀត រដ្ឋាភិបាលអ៊ីរ៉ាក់ ក៏នឹងពិនិត្យមើលការកែប្រែ រដ្ឋធម្មនុញ្ញ បង្កើនចំនួនសមាជិករដ្ឋសភាបន្ថែមទៀត ។
ជាមួយគ្នានេះដែរ អ៊ីរ៉ាក់មានគម្រោងកោះប្រជុំគណៈកម្មការ ក្នុងតំបន់ ក្នុងនោះមានរួម បញ្ចូលទាំងប្រទេសជិតខាងផងដែរ ដើម្បី «ផ្តាច់អ៊ីរ៉ាក់ចេញពីជម្លោះក្នុងតំបន់» ។
សូមបញ្ជាក់ថា ការធ្វើបាតុកម្ម នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺប្រឆាំងនឹងការអត់ការងារធ្វើ គោលន យោបាយសេដ្ឋកិច្ច និងអំពើពុករលួយរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឡើង ចាប់តាំងពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ។ បាតុកម្មដោយសន្ដិវិធី រហូតប្រែក្លាយទៅជាអំពើហិង្សានោះ បាននាំឲ្យជនស៊ីវិលជាច្រើននាក់ ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ និងរងរបួស៕