នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់ អាមេរិក និងកូរ៉េខាងជើងតភ្ជាប់កិច្ចពិភាក្សាជាថ្មីឡើងវិញ ដើម្បីឈានដល់កិច្ចព្រមព្រៀង បញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា ក៏ដូចជារំសាយអាវុធបរមាណូ ដោះដូរឹងការលុបទណ្ឌកម្ម និងសន្តិភាព។
ជាមួយគ្នានេះដែរ កូរ៉េខាងជើងបានបញ្ជាក់ថាអាមេរិក នឹងស្ដាយក្រោយ បើបណ្ដោយឱ្យមិត្តភាពត្រាំ-គីម អស់សុពលភាព។ កូរ៉េខាងជើង បានអះអាងថាគ្មានឡើយភាពរីកចម្រើន នៅក្នុងទំនាក់ទំនងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ហើយសហរដ្ឋអាមេរិកនឹងស្ដាយក្រោយ បើសិនជាបណ្ដោយឱ្យកាលបរិច្ឆេទនៃ ទំនាក់ទំនងមិត្តភាពត្រាំ-គីម អស់សុពលភាព។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ធ្វើការកត់សម្គាល់បែបនេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍មួយរបស់ប្រធាន គណៈកម្មាធិការសន្តិភាពកូរ៉េ-អាស៊ីប៉ាស៊ីហ្វិក លោក Kim Yong Chol។ សេចក្ដីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ ដូច្នេះថា៖ « វានឹងក្លាយជារឿងសាកស្ដាយ និងកំហុសមួយដ៏ធំ បើសិនជាសហរដ្ឋអាមេរិក មិនរវល់ ឬបណ្ដោយឱ្យ កាលបរិច្ឆេទនៃទំនាក់ទំនងមិត្តភាពត្រាំ-គីម ដើម្បីរៀបចំកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដែលកំណត់ដោយ លោក គីម អស់សុពលភាព នៅចុងឆ្នាំ២០១៩នេះ»។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ លោក Kim Yong Chol មិនបានបញ្ជាក់ថាតើកូរ៉េខាងជើង នឹង ចាត់វិធានការអ្វីនោះទេ ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រោយមានការបង្ហោះរូបភាពរបស់លោក គីម ជុងអ៊ុន ជិះសេះស នៅលើភ្នំ Paekdu ដែលជាភ្នំដ៏ពិសិដ្ឋមួយនៅកូរ៉េខាងជើង អ្នកជំនាញជាច្រើនយល់ថាមេដឹកនាំ ទីក្រុងព្យុងយ៉ាង អាចនឹងធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងពេលឆាប់ៗនេះ ខណៈមានការសង្ស័យថាវាអាចជាការ ប្រកាសធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញក៏ថាបាន។
អាមេរិកគ្មានជម្រើសណាផ្សេងក្រៅពីចចារជាមួយកូរ៉េខាងជើងនោះលើយ ដោយអាមេរិកមិនអាចវាយប្រហារកូរ៉េខាងជើងបានឡើយនៅគ្រប់ពេលវេលា។
កូរ៉េខាងជើងតែងតែ ឌឺដង និងធ្វើសកម្មភាព «ធ្ងន់ដៃ»ដាក់អាមេរិក កូរ៉េខាងត្បូង និងជប៉ុនទៀតផង ប៉ុន្តែប្រទេសទាំង៣ បានត្រឹមតែការអត់ធ្មត់ប៉ុណ្ណោះ មិនហានធ្វើអ្វីកូរ៉េខាងជើងនោះឡើយ សូម្បីតែ បាញ់មួយគ្រាប់។
ទស្សនាវដ្តីNational Interest បានផ្សព្វផ្សាយនៅអត្ថបទមួយ ស្តីពីសកម្មភាពរបស់កូរ៉េខាងជើង តែអាមេរិកមិនហានតដៃវិញ។ ជាក់ស្តែង នៅក្នុងឆ្នាំ១៩៦៨ កូរ៉េខាងជើង បានចាប់នាវាចារកិច្ចអាមេរិក USS Pueblo ហើយឃុំខ្លួននាវិក ជិតមួយឆ្នាំ ។ ក្រៅពីនេះកូរ៉េខាងជើង ក៏បានបាញ់ទម្លាក់យន្តហោះស៊ើបការរបស់អាមេរិកផងដែរធ្វើឲ្យក្រុមអ្នកបើកបរស្លាប់ទាំងអស់។ នៅឆ្នាំ១៩៩៨ កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងកាត់ទឹកដីជប៉ុន។ នៅឆ្នាំ២០១០ កូរ៉េខាងជើង បានវាយប្រហារពន្លិចនាវាយាមល្បាតកូរ៉េខាងត្បូង និងបាញ់ប្រហារទៅលើកោះ កូរ៉េខាងត្បូង សម្លាប់មនុស្ស៥០នាក់។ សកម្មភាពរបស់កូរ៉េខាងជើងគួរណាស់តែអាមេរិក និងកូរ៉េខាងត្បូង ឬជប៉ុនត្រូវតែវាយប្រហារ តបតវិញ។ ប៉ុន្តែប្រទេសទាំង៣បានសម្រេចជ្រើសរើសវិធីសាស្ត្រអត់ធ្មត់ មិនហានផ្ទុះអាវុធដាក់កូរ៉េខាងជើងឡើយ សូម្បីតែមួយគ្រាប់។
សារព័ត៌មាន National Interest បានផ្សព្វផ្សាយនៅអត្ថបទវិភាគកាលពីថ្ងៃទី២៨ខែតុលា របស់អ្នកឯកទេស Robert E. Kelly សាស្ត្រាចារ្យ ស្តីពីទំនាក់ទំនង អន្តរជាតិ អាមេរិកបានលើកឡើង ពីមូលហេតុដែល ប្រទេសទាំង៣មិនហានវាយប្រហារកូរ៉េខាងជើង។
ទី១ គឺទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ងាយរងការវាយប្រហារពីកូរ៉េខាងជើង។ ទាំងនោះមានតែបង្ខំឲ្យកូរ៉េខាងជើងអត់ធ្មត់តែប៉ុណ្ណោះ។ ក្រៅពីទីក្រុងសេអ៊ូល នៅមានខេត្ត Kyeonggi នៅជាប់ព្រំដែន ហើយខេត្តនេះមានពលរដ្ឋរស់នៅរហូតដល់ទៅ៥៥ភាគរយ នៃពលរដ្ឋសរុបនៅក្នុងប្រទេសនេះ និងជាតំបន់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ដ៏សំខាន់បំផុត របស់ប្រទេសជាតិ ។ ផ្សារទំនើបៗ នៅទីនោះក្លាយជាគៅលដៅវាយបករបស់កូរ៉េខាងជើង ដោយពិបាកការពារបំផុត។
ទី២ គឺប្រធានាធិបតី ដូណាលត្រាំ ចាំបាច់ត្រូវតែទទួលបានការឯកភាពនយោបាយពីប្រទេសទាំងពីរ កូរ៉េខាងត្បូង និងជប៉ុនទើបអាចវាយប្រហារបាន ដោយប្រទេសទាំងពីរ ជាអ្នកទទួលរងគ្រោះ ពេលកូរ៉េខាងជើង វាយបកវិញ។
ទី៣ គឺរាល់ការវាយប្រហារទៅលើកូរ៉េខាងជើង គឺមិនអាចបញ្ចប់វិញក្នុងពេលឆាប់ៗនោះឡើយ អាចអូសបន្លាយ ច្រើនខែ ច្រើនឆ្នាំ។ មួយវិញទៀតកូរ៉េខាងជើង មានអាវុធទំនើបៗជាច្រើន ក្នុងនោះមានទាំង ក្បាលគ្រាប់បរមាណូអាចបំពាក់នៅលើមីស៊ីលឆ្លងទ្វីប បាញ់ចេញពីជើងទម្រចល័ត ឬនាវាមុជទឹក ទៅកាន់គោលដៅនានា។
ទី៤គឺ កូរ៉េខាងជើង បានដាក់ទាហាន អាវុធ ស្ថិតនៅការត្រៀមលក្ខណធ្វើសង្គ្រាមគ្រប់វិនាទី ហើយមានគម្រោង គោលដៅត្រូវវាយប្រហារយ៉ាងច្បាស់លាស់។ទាំងនោះហើយកូរ៉េខាងជើង អាចវាយបកវិញក្នុងពេលលឿនបំផុត។
ទី៥ គឺ ការវាយប្រហារនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង អាមេរិក និងចិន ដែលជាទំនាក់ទំនងសំខាន់បំផុត សម្រាប់ភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច នៅលើពិភពលោក។ បច្ចុប្បន្ន គ្រាន់តែសង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន ប៉ះពាល់យ៉ាងខ្លាំងនៅលើពិភពលោក ទម្រាំ ប្រឈមមុខដោយយោធាទៀត នឹងធ្វើឲ្យពិភពលោក ប្រឈមវិបត្តិជាទ្រង់ទ្រាយធំ ។នៅពេលនោះអាចជំរុញឲ្យធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី៣ ដោយមានការចូលរួមពីប្រទេសជាច្រើន។ កន្លងមក អ្នកឯកទេសវិភាគ ធ្លាប់បានលើកឡើងថា សង្គ្រាមលោកលើកទី៣ អាចផ្ទុះចេញពី សង្គ្រាមវាយប្រហារអ៊ីរ៉ង់ ឬ សង្គ្រាមវាយប្រហារកូរ៉េខាងជើង ៕