ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំស្តីពីការលុបបំបាត់ដេប៉ូសំរាមនៅផ្លូវលេខ១០៨ ទីរួមផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ 

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី  បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការលុបបំបាត់ដេប៉ូសំរាមនៅផ្លូវលេខ១០៨ ទីរួមផ្សារចាស់ ដែលបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់អនាម័យ ក្នុងមូលដ្ឋានរបស់ខ្លួន ។

ក្នុងកិច្ចប្រជុំនោះដែរ ក្រោមការដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងទទួលបន្ទុកការងារសណ្តាប់ធ្នាប់សាធារណៈ និង ទទួលបន្ទុកការងារទីរួមផ្សារ លោក នាយករដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យផែនការអភិវឌ្ឍន៍ លោក ប្រធានប្រជាការពារខណ្ឌ លោក ចៅសង្កាត់វត្តភ្នំ និងលោកប្រធាន អនុប្រធានទីរួមផ្សារចាស់ ផងដែរ ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជាគោលការណ៍ដូចជា ៖ ១-លោកប្រធានទីរួមផ្សារចាស់ ត្រូវផ្សព្វផ្សាយដល់គណៈកម្មការផ្សារ កម្លាំងអនាម័យផ្សារធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនអាជីវករ ហាមដាច់ខាតយកសំរាមមកដាក់នៅផ្លូវលេខ១០៨ ដោយអនុញ្ញាតឲ្យដាក់នៅផ្លូវលេខ១៥ វិញ។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើនេះ ឬនៅតែអនុញ្ញាឲ្យដាក់សំរាមនៅទីតាំងខាងលើ ត្រូវអនុវត្តវិធានការដ្ឋបាលចំពោះបុគ្គលិកគណៈកម្មការផ្សារ និងអនុវត្តការផាកពិន័យចំពោះអាជីវករ ។

២-រដ្ឋបាលសង្កាត់វត្តភ្នំ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ ត្រូវវេចខ្ចប់ និងអាចបញ្ចេញសំរាម ២ដង/ថ្ងៃ គឺនៅម៉ោង ១៩និង០០នាទី ដល់ម៉ោង ២១និង០០នាទីយប់ ដោយយកទៅដាក់នៅកំណាត់ផ្លូវលេខ១៥ និងម៉ោង ២និង០០នាទីទៀបភ្លឺ-ម៉ោង ០៥និង០០នាទីព្រឹក ដោយវេចខ្ចប់ទុកដាក់នៅខាងមុខផ្ទះរៀងៗខ្លួន ។ ចំពោះផ្ទះប្រកបអាជីវកម្ម រដ្ឋបាលសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ ដោយមានកំណត់ហេតុត្រឹមត្រូវ ។

៣-ក្រុមហ៊ុនស៊ីនទ្រី ត្រូវបញ្ចេញរថយន្តដឹក និងប្រមូលសំរាម តាមពេលវេលាដែលបានឯកភាពគ្នាគឺចំនួន០១គ្រឿង នៅម៉ោង១៩:០០ ដល់ម៉ោង២១:០០នាទីយប់ ដើម្បីយកសំរាមនៅក្នុងទីរួមផ្សារចាស់ និងសំរាមប្រជាពលរដ្ឋ នៅជុំវិញផ្សារ។ ដោយឡែកចំពោះសំរាមដែលប្រជាពលរដ្ឋបញ្ចេញទៀបភ្លឺនោះ គឺត្រូវមកយកអោយអស់នៅមុនម៉ោង០៦:០០នាទីព្រឹកជាកំហិត និងត្រូវណែនាំក្រុមកម្មករប្រមូលតាមរទេះ ហាមមិនអោយយកសំរាមមកចាក់នៅទៅនេះ ជាដាច់ខាត។

៤-ហាមរាល់ការឈប់ចត ឬដាក់ផ្ញើរថយន្ត-ម៉ូតូ ឬការស្នាក់នៅដែលបង្កភាពអនាធិបតេយ្យ នៅលើផ្លូវលេខ១០៨ នេះជាដាច់ខាត ។ ក្នុងករណីមិនគោរពតាមការណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬស្ទូចអូសយានយន្តយកទៅរក្សាទុក ឬធ្វើការចាក់សោរទុកនៅនឹងកន្លែង ដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារៈ ឬយានយន្ដឡើយ  ៕ស តារា


ចែករំលែក៖