ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋលីបង់​ចង់ឲ្យ ប្តូរប្រព័ន្ធដឹកនាំទាំងស្រុង ​នាយករដ្ឋមន្ត្រីលាលែងពីតំណែងមិនគ្រប់​គ្រាន់​ឡើយ 

ចែករំលែក៖

បើទោះបី​នាយករដ្ឋមន្ត្រីលីបង់ បានប្រកាសលា​លែង​ចេញពីតំណែង​កាលពីថ្ងៃទី​២៩ ខែតុលា ពលរដ្ឋលីលីបង់មានការអបអរសាទរ ។ តែយ៉ាងណា ការលាលែង​ចេញពី​តំណែង​របស់លោក​នាយករដ្ឋមន្ត្រី​ក្រោមសំពាធបាតុកម្មនេះ បាន​ធ្វើឲ្យលីបង់ ត្រូវស្ថិតក្នុងស្ថានភាពនយោបាយ​មួយមិន​ច្បាស់ប្រាកដ ខណៈដែល​ការទាមទាររបស់​ប្រជាជនលីបង់ គឺត្រូវរុះរើរបបដឹក​នាំនយោ​បាយ​លីបង់បច្ចុប្បន្ន ចោលទាំងស្រុងតែម្តង។

នៅក្នុងសេចក្តីថ្លែងរបស់លោក សាដ ហារីរី កាលពីល្ងាចថ្ងៃ​អង្គារ លោកបានប្រកាសថា លោកសុខចិត្ត​ ចុះចេញពីតំណែងនេះ គឺដើម្បី​បំពេញបំណងចង់បាន​របស់ប្រជាជន​លីបង់​ជាច្រើននាក់ ដែលបានចុះផ្លូវធ្វើបាតុកម្ម ទាមទារឲ្យមានការផ្លាស់ប្តូរ។ ព្រមជាមួយគ្នានេះ លោកសាដ ហារីរី បានប្រកាសអំពាវនាវ ឲ្យគ្រប់គ្នាទាំងអស់ រក្សាការពារឲ្យបាន​នូវសន្តិ​ភាព​ កុំឲ្យ​លីបង់​ធ្លាក់ទៅក្នុងវិបត្តិហិង្សា សង្រ្គាម​ សាជាថ្មីឲ្យសោះ។

វា​ជាការ​ពិតណាស់ ដែលប្រជាជនលីបង់ បានទទួលដំណឹងនៃការចុះចេញពីតំណែង របស់លោកនាយករដ្ឋមន្ត្រី សាដ ហារីរី នេះ ដោយសេចក្តីអំណរ ព្រោះវាជាជោគជ័យ​នៃការតវ៉ារបស់ពួកគេ។ នៅយប់ថ្ងៃអង្គារម្សិកមិញនេះ នៅតាមផ្លូវ នៅទីក្រុងធំទាំង​អស់របស់លីបង់ មនុស្សម្នានាំគ្នាចុចស៊ីហ្វ្លេឡានម៉ូតូ យ៉ាងទ្រហឹងអឺងកង។ បាតុកររាប់ពាន់​នាក់ ដែលជួបជុំគ្នា មានកាន់ទង់ជាតិលីបង់ បាននាំគ្នាស្រែងច្រៀងចម្រៀងជាតិលីបង់ យ៉ាងកងរំពង ប្រកបដោយសា្នមញញឹម។

លោកនាយករដ្ឋមន្ត្រី សាដ ហារីរីចុះចេញពីតំណែងនេះ គឺវាគ្រាន់តែជាជោគជ័យមួយ​ផ្នែកប៉ុណ្ណោះ ព្រោះថា ការទាមទាររបស់ប្រជាជនលីបង់ គឺមិនមែនតែត្រឹមនេះទេ គឺពួកគេចង់ឲ្យមានការផ្លាស់ប្តូរ ប្រព័ន្ធដឹកនាំនយោបាយលីបង់ ទាំងស្រុងតែម្តង។ ក្រុមបាតុករ បានស្រែកថា “បដិវត្តនៅតែបន្ត ! បដិវត្ត​នេះ ត្រូវតែឈានទៅផ្តួលរំលំ រុះរើ​របបដឹកនាំលីបង់បច្ចុប្បន្ននេះ ចោលទាំងស្រុង ដើម្បីកសាងប្រព័ន្ធនយោបាយថ្មី “។

ដូចយើងដឹងហើយថា ចំណុចចាប់ផ្តើមនៃបាតុកម្ម​នៅលីបង់នេះ គឺបណ្តាលមកពី​ ការ​បង្កើត​ពន្ធថ្មី ទៅលើការប្រើប្រាស់សេវា WhatsApp នៅលើទូរស័ព្ទ។ រដ្ឋាភិបាល​បានសម្រេចលប់ចោលគម្រោងនេះហើយ​ តែប្រជាជននៅតែធ្វើបាតុកម្ម។ តាមពិត​ទៅបញ្ហានេះ គឺប្រៀបដូចជាដំណក់ទឹកចុងក្រោយ ដែលស្រក់មកបំពេញធ្វើឲ្យទឹកក្នុងកែវ ហៀរច្រាលចេញមកក្រៅ។ ពោលគឺប្រជាជនលីបង់អស់អំណត់ ទ្រាំលែងបាន​តទៅទៀត នឹងអំពើពុករលួយ អំពើបក្សពួកនិយម។

ប្រជាជនលីបង់ បានសង្កេតឃើញពីភាពអសកម្ម គ្មានសមត្ថភាពរបស់​ថ្នាក់ដឹកនាំ​នយោ​បាយ​ មិនថាសមាជិកសភា សមាជិករដ្ឋាភិបាល ឬក៏កងទ័ព។ លីបង់ គឺជាប្រទេសមួយ​ដែលមានអំពើពុករលួយ​ស៊ីរូង ខ្លាំងណាស់។ លីបង់ជាប្រទេសដែលមានផ្ទៃដីតូចទេ តែ​ប្រជាជនលីបង់ តែងតែជួបបញ្ហា ខ្វះទឹកស្អាតប្រើប្រាស់ ខ្វះបណ្តាញអគ្គីសនីជាដើម។ យោងតាមតួលេខផ្លូវការ ប្រជាជនលីបង់ ១ភាគ៤ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

តែបើយើងក្រឡេកទៅមើលថ្នាក់ដឹកនាំនយោបាយ មន្ត្រីរដ្ឋាភិបាល ឬសមាជិកសភាវិញ ម្នាក់ៗមានទ្រព្យសម្បត្តិចាយយ៉ាង​ខ្ជះខ្ជាយ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រឿងអា​ស្រូវ​បានបែកធ្លាយ ដោយគឺដឹងថា លោកសាដ ហារីរី បានជូនកាដូ​ជាលុយ ចំនួន​១៦លាន​ដុល្លារ ទៅឲ្យនារីបង្ហាញម៉ូដ ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់។ លោក សាដ ហារីរី លាលែង​ពីតំណែង គឺវានៅមិនទាន់គ្រប់គ្រាន់ទេ។ ប្រជាជនលីបង់ ចង់ឲ្យប្រធានសភា លាលែងពីតំ​ណែង ហើយក៏ចង់ឃើញលោក Michel Aoun ដែលជាប្រធានាធិបតីលីបង់នោះ ចុះចេញពី​តំណែងដែរ។

ប្រជាជនលីបង់ ចង់ឲ្យរបបនយោបាយ​ ដែលឈរលើការបែងចែកអំណាច​គ្នា​ រវាងក្រុម​តំណាងសហគមន៍សាសនាទាំង៣នៅលីបង់នេះ ដួលរំលំទៅ ព្រោះថាជាច្រើនឆ្នាំ​មក​ហើយ ដែលក្រុមទាំង៣នេះ ឃុបឃិតបែងចែងអំណាច បែងចែកផលប្រយោជន៍គ្នា សំងំ​យ៉ាងសុខស្រួល រីឯជីវភាពប្រជាជនវិញ មិនមានអ្វីប្រសើរសោះ។

ប្រមាណ២សប្តាហ៍ ដែលមានបាតុកម្មរបស់ប្រជាជននេះ យើងឃើញថា កងទ័ពលីបង់ បានរក្សាភាព​អព្យាក្រិត្យរបស់ខ្លួន។ សម្រាប់ពេលនេះ យើងមិនអាចនិយាយបានទេ ថា​នឹង​មាន​ការប្រឈមមុខដាក់គ្នាដោយអាវុធ។ អ្វីដែលជាការបារម្ភ របស់សហគមន៍​អន្តរជាតិ គឺ​ភាព​មិនច្បាស់ប្រាកដ នៃអនគតរដ្ឋាភិបាលលីបង់។ បើតាមការវិភាគ ចលនា​បាតុកម្ម​ដ៏ធំ​សម្បើមរបស់ប្រជាជនលីបង់នេះ គឺពុំមានថ្នាក់ដឹកនាំនយោបាយលីបង់ណា នឹកភ្នកដល់​នោះទេ។ ម្នាក់ៗស្រឡាំងកាំងទាំងអស់គ្នា ហើយពុំបានត្រៀមជើង​ព្រួលទុកមុន​ទេ។

ដូចយើងដឹងហើយ ថា​ប្រព័ន្ធនយោបាយ​លីបង់ កន្លងមកនេះ គឺឈរលើគោលការបែង​ចែកគ្នា​គ្រប់គ្រង រវាងក្រុម​ចំនួន​៣។ ទីមួយគឺក្រុមអ៊ីស្លាមស៊ុនីត ដែលមានលោកសាដ ហារីរី ជាតំណាង ទី២ ក្រុមអ៊ីស្លាមឈីអ៊ីត ដែលជាក្រុម​ហេសបូឡា និងទី៣ គឺក្រុម​គ្រិស្ត​សាសនា ដែលមានលោក Michel Aoun ប្រធានាធិបតីបច្ចុប្បន្នជាអ្នកតំណាង។ ក្នុងចំ​ណោមក្រុមទាំង៣នេះ គេសង្កេតឃើញថា ក្រុមហេសបូឡា មានឥទ្ធិពលខ្លាំង។ ក្រុមនេះ​មានសម្លេងភាគច្រើន នៅក្នុងសភា ហើយ​មាន​កម្លាំងទ័ពដាច់ដោយឡែក ដោយមានការ​ទំនុកបំរុង ដោយផ្ទាល់ពី អ៊ីរ៉ង់ទៀតផង។ ដូច្នេះ អ្វីដែលគេបារម្ភ គឺគេខ្លាច អំណាចនយោ​បាយ​ទាំងស្រុង ត្រូវធ្លាក់ ទៅលើដៃក្រុមហេបូឡា ទាំងកងទ័ព ទាំងសភា ទាំងរដ្ឋាភិបាល។

តាមពិតទៅ ដំណឹងនៃការ​លាលែងពីតំណែងរបស់លោក សាដ ហារីរី មិនត្រូវបាន​ប្រទេស​ម​ហាអំណាចខ្លះគាំទ្រទេ។ ជាក់ស្តែង សហរដ្ឋអាមេរិក និងបារាំងជាដើម។ លោករដ្ឋមន្ត្រី​ការបរទេសបារាំង បានមានប្រតិកម្មភ្លាមថា លោកសាដ ហារីរីចុះចេញពីតំណែង គឺវានឹង​ធ្វើឲ្យវិបត្តិកាន់តែរីកធំ។ ជាការពិត វិបត្តិពេលនេះរីកធំ ព្រោះថាត្រូវរកមនុស្ស​ថ្មីមកជំនួស​លោកសាដ ហារីរី។ ពីមុន អារ៉ាប៊ីសាអូឌីត ដែលធ្លាប់តែគាំទ្រក្រុមអ៊ីស្លាម​ស៊ុនីត របស់​លោក​សាដ ហារីរី ហាក់ដូចជាលែងចង់ចំណាយប្រាក់ទៀតហើយ ដោយសង្កេតឃើញថា លោកសាដ ហារីរី មិនអាចទប់ទល់ជាមួយក្រុមហេបូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយបាន​៕


ចែករំលែក៖