ប្រភពព័ត៌មានពីអគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩ ថា នៅថ្ងៃនេះកូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនពីរគ្រាប់ទៅកាន់សមុទ្រភាគខាងកើតរបស់ប្រទេសជប៉ុន ។ ប្រភពបានបន្តថានៅពេលនេះ យោធារបស់កូរ៉េខាងត្បូងបាននិងកំពុងពិនិត្យតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាទីបំផុត។
នៅពេលបន្តិចក្រោយមក កូរ៉េខាងត្បូងបានអះអាងថា ប្រព័ន្ធមីស៊ីលដែលកូរ៉េខាងជើងទើបតែបានបាញ់សាកល្បងនោះ គឺជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី ។ វាហោះហើរបានរយៈចម្ងាយ៣៧០គីឡូម៉ែត្រ និងមានកម្ពស់ ៩០គីឡូម៉ែត្រ។
ព័ត៌មានខាងលើនេះបានកើតឡើងក្រោយពីទីក្រុងព្យុងយ៉ាងកាលពីដើមខែតុលាកន្លងមកនេះ បានប្រកាសអំពីជោគជ័យការបាញ់សាកល្បងអាវុធមីស៊ីលបាលីស្ទិកផ្លោងចេញពីនាវាមុជទឹកប្រកបដោយជោគជ័យរបស់ខ្លួន ហើយទីក្រុងព្យុងយ៉ាងបានព្រមានថា ការប៉ុនប៉ងឈ្លានណាមួយពីសំណាក់សត្រូវនឹងទទួលរងនៅការបរាជ័យយ៉ាងជូរចត់ជាទីបំផុត។
ទីក្រុងតូក្យូបានបញ្ជាក់ព័ត៌មានអំពីកូរ៉េខាងជើងបាញ់មីស៊ីលខាងលើនេះដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថាប្រព័ន្ធមីស៊ីលទាំងនោះ ទំនងមិនមែនជាប្រព័ន្ធមីស៊ីលបាលីស្ទិកនោះឡើយ ។
លោកAlexander Matsegora អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង បានថ្លែងប្រាប់ប្រភពព័ត៌មានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោកគឹមជុងអ៊ុន ទំនងជារក្សាការសន្យារបស់ខ្លួន មិនសាកល្បងប្រព័ន្ធមីស៊ីលបាលីស្ទិកឆ្លងអន្តរទ្វីបរហូតដល់ដំណាច់ឆ្នាំ២០១៩នេះឡើយ។
កាលពីពេលថ្មីៗកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្សេងៗពីគ្នាចេញពីទីក្រុងកំពង់ផែ Wonsan ។ រាល់ការពេញសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឱ្យកូរ៉េខាងត្បូង, ជប៉ុន និងសហរដ្ឋអាមេរិក តាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាទីបំផុត។ អំឡុងពេលជាមួយគ្នានេះដែរ ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនត្រៀមរួចជាស្រេចបន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕