យោងតាមការចេញផ្សាយរបស់សារព័ត៌មានអាហ្វហ្គានីស្ថានបានបញ្ជាក់ថា មនុស្សយ៉ាងតិច៩នាក់បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះមួយបានកើតឡើងនៅភាគឦសាននៃខេត្ត Takhar របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប្រភពបានបន្តថា ហេតុការណ៍បំផ្ទុះនេះ បានកើតឡើងនៅវេលាព្រឹកតែម្ដង ស្ថិតនៅក្នុងស្រុក Darqad នៅពេលដែលជនរងគ្រោះទាំងនោះនាំគ្នាទៅសាលារៀន ។
ការវាយប្រហារនេះមិនទាន់មានក្រុមណាមួយចេញមុខប្រកាសទទួលខុសត្រូវនៅឡើយទេ ។
គួររំលឹកថា កាលពីខែតុលាកន្លងទៅនេះ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក២ គ្រាប់ បានកើតឡើងនៅព្រះវិហារមានទីតាំងស្ថិតនៅក្នុងតំបន់ Jaw Dara ស្រុក Huska Meyna អំឡុងពេលពិធីបួងសួងថ្ងៃចុងសប្តាហ៍ ។ ការវាយប្រហារនោះបានសម្លាប់មនុស្សរហូតដល់ 62នាក់។
អាហ្វហ្គានីស្ថានជាយូរណាស់មកហើយបានរងទុក្ខសោកសៅដោយសារតែបញ្ហាអសន្តិសុខ អស្ថេរភាព នៅក្នុងប្រទេស។ រដ្ឋាភិបាលរបស់ប្រទេសនេះបាននិងកំពុងប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមតាលីបង់អស់រយៈពេលជិតពីរទសវត្សរ៍កន្លងមកហើយ ។ កម្លាំងរដ្ឋាភិបាលក៏បានប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមភេរវកម្មដែលមានឈ្មោះថា Daesh ផងដែរ។ ក្រុមនេះបាននិងកំពុងធ្វើប្រតិបត្ដិការនៅក្នុងទឹកដីអាហ្វហ្គានីស្ថានតាំងពីឆ្នាំ 2015 មកម្ល៉េះ ៕