ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេសង្ស័យញៀនថ្នាំឆក់កូនកាំបិតចុងស្រួចពីតូបលក់ប្រហិតចាក់ខ្លួនឯងរងរបួសបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ 2019 ស្ថិតនៅក្នុងកាស៊ីណូមួយកន្លែង ក្នុងភូមិក្បាលស្ពាន 1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរង់គ្រោះឈ្មោះវុធ ភេទប្រុស អាយុប្រហែល 36 ឆ្នាំ គ្មានទីលំនៅច្បាស់លាស់នោះឡើយ។ ចំណែកអ្នកលក់ប្រហិត ឈ្មោះ សួ វណ្ណៈ ភេទប្រុស អាយុ 39 ឆ្នាំ និងប្រពន្ធឈ្មោះ ផាត សុខុន ជាម្ចាស់តូបលក់ប្រហិតក្បែរកន្លែងកើតហេតុប្រាប់ថា ពេលកើតហេតុ កូនស្រីគាត់ប្រាប់ថា ឃើញជនរងគ្រោះនេះដេកលើចិញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ បន្ទាប់មក ក៏ក្រោក ហើយភ្លាមនោះក៏ទាញកូនកាំបិតចាក់ខ្លួនឯងតែម្ដង។
ប្រភពបានបន្ថែមថា ជនរង់គ្រោះត្រូវគេសង្ស័យថាជាមនុស្សញៀនថ្នាំ ពីព្រោះកន្លងមកអ្នកដែលញៀនថ្នាំតែងតែដេកតាមចិញ្ចើមផ្លូវ ឬក៏ដើរនិយាយតែម្នាក់ឯង នឹងធ្វើអត្តឃាតខ្លួនឯងជាដើម គ្រាដែលគេញៀនថ្នាំដល់កម្រិតហើយនោះ។
ពលរដ្ឋឃើញហេតុការណ៍បាននាំគ្នាលើកឡើងដូចគ្នាថា យុវវ័យត្រូវតែជៀសវាងឲ្យឆ្ងាយពីរគ្រឿងញៀនពីព្រោះគ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង បំផ្លាញសង្គមជាតិ អ្នកផងស្អប់ខ្ពើម នឹងធ្វើឲ្យបាត់បង់ជីវិតផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍ខាងលើនេះបានកើតឡើង ជនរង់គ្រោះត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដីថ្មីយកទៅសង្គ្រោះនិងព្យាបាលរបួសចៀមភ្លាមផងដែរ ៕ នឹមវណ្ណា