ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការតវ៉ាស្ទើរក្លាយជាជម្លោះ ខណៈឈ្មួញមួយក្រុមជួលកម្មករជីកដីបោះបង្គោលរបងលើដីពលរដ្ឋ

ចែករំលែក៖

ប៉ោយប៉ែតៈ ពលរដ្ឋប្រមាណ៦០នាក់តំណាង៤៣គ្រួសារផ្ទុះការតវាស្ទើរក្លាយជាជម្លោះគ្រាដែលក្រុមឈ្មួញមួយក្រុម គេសង្ស័យជាបក្ខពួកលោកអ៊ុម សួនរស្មី ហៅហួត ម៉េង បានជួលកម្មករមកជីកដីបោះបង្គោលរបងជាន់ដីពលរដ្ឋកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្លូវសម្ដេចជាស៊ីម ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងជម្លោះដីធ្លីខាងលើនេះ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត និងមន្ត្រីសាលាសង្កាត់ប៉ោយប៉ែត ចុះមកសម្របសម្រួលដើម្បីបញ្ចៀសអំពើហិង្សាកុំឲ្យកើតឡើងផងដែរ។

តំណាងប្រជាពលរដ្ឋចំនួន៤៣គ្រួសារមានដីទំនាស់នៅចំណុចកើតហេតុ លោកគង់ រិទ្ធាបញ្ជាក់ថាដីដែលក្រុមរបស់អ៊ុង សួនរស្មីមកបោះបង្គោលនោះគឺជាដីរបស់ប្រជាពលរដ្ឋ ដែលពួកគាត់កាន់កាប់អាស្រ័យផល ខ្លះតាំងពីឆ្នាំ២០០៤ ឆ្នាំ២០០៦ និង២០០៨មកម្ល៉េះ និងលិខិតស្នាមត្រឹមត្រឹមដោយទទួលស្គាល់ពីអាជ្ញាធរគ្រប់ថ្នាក់ ហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចលុបដីការក្សាការពារលេខ១៨៤របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ហើយប្រគល់សិទ្ធិកាន់កាប់អាស្រ័យផលមកប្រជាពលរដ្ឋ ហើយ ចុះហេតុអីបានជាក្រុមខាងអ៊ុង សួនរស្មីនៅតែរំលោភបំពានផ្លូវច្បាប់ទៀត ។

លោកបានបន្ថែមថា ស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ មេត្តា មុននឹងសម្រេចអ្វី ដែលពាក់ព័ន្ធទំនាស់ដីធ្លី មេត្តាចុះមកពិនិត្យឲ្យដល់គោលដៅ ដីទំនាស់ រកការពិតជាមុនសិន ហើយក៏សំណូមពរកុំយកវប្បធម៌អន្តរាគមន៍មកកៀបសង្កត់លើពលរដ្ឋស្លូតត្រង់ទៀត ពីព្រោះពួកគាត់គោរពច្បាប់ បែរជាអស់លោកមួយចំនួនមិនគោរពច្បាប់ទៅវិញ។

លោកស្រី ធាវី នៅទីក្រុងភ្នំពេញតំណាងលោក អ៊ុម សួនរស្មីប្រាប់ថាៈ បើម្ចាស់ដីពិតប្រាកដសូមឲ្យពលរដ្ឋយកលិខិតបញ្ជាក់ ឬក៏ប្លង់មកហើយនឹងទៅប្ដឹងអាជ្ញាធរឲ្យក្រុមអាជ្ញាធរចុះមកធ្វើអន្តរាគមន៍ឲ្យ ម្យ៉ាងខាងលោកស្រី ក៏មានសាលក្រមរបស់តុលាការកាត់ឲ្យឈ្នះដែរ បានគេហ៊ានជួលឲ្យកម្មករមកជីកបង្គោលរបងដាំលើដីខាងលើ គេសុខចិត្តថា បើប្រជាពលរដ្ឋជាម្ចាស់មិនសុខចិត្តប្ដឹងអាជ្ញាធរដែលនៅក្នុងស្រុក ភូមិឲ្យធ្វើសាក្សី ហើយគេនឹងឲ្យច្បាប់របស់តុលាការដែលចេញសាលដីការបស់តុលាការខេត្តបន្ទាយមានជ័យមើល តែពចំពោះពលរដ្ឋគេមិនបាច់ឲ្យមើលនោះទេ ។

ទោះយ៉ាងណា ភាគីទំាងពីរបានរំសាយបញ្ចប់កំហឹងទៅវិញទៅមក បន្ទាប់ពីឈ្លោះប្រកែកគ្នាតឹងសរសៃកជិត 4 ម៉ោង ។ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងអាជ្ញាធរដោយបង្ហាញលិខិតរៀងៗខ្លួននិងសន្យាថា ទៅរកច្បាប់រៀងៗខ្លួន ប៉ុន្តែពលរដ្ឋនៅតែថា ដីពួកគាត់កាន់កាប់តាំងពីជំនាន់ព្រៃគ្រាប់មីន ស៊ីអត់ ស៊ីឃ្លាន ពុំមានអ្នកណាមកអះអាងថាជាដីរបស់ពួកគេឡើយ ប៉ុន្តែនៅពេលដីមានតម្លៃស្រាប់តែលេចមុខអ្នកនេះ ណានោះ មកអះអាងថាជាដីរបស់ពួកគេទៅវិញ(ស៊ីស)៕ នឹមវណ្ណា


ចែករំលែក៖