ក្រុមឧទ្ទាមនៅក្នុងប្រទេសម៉ាលី គឺក្រុមជីហាតនិយម (jihadist) បានបើកការវាយប្រហារសម្លាប់មនុស្សយ៉ាងតិច 54នាក់ ។
អ្នកនាំពាក្យរដ្ឋាភិបាលម៉ាលី លោក Yaya Sangare បានថ្លែងប្រាប់ប្រភពព័ត៌មានផ្សាយនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2019ថា ការវាយប្រហារ បានកើតឡើងកាលពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ 2019 ស្ថិតនៅតំបន់ Menaka របស់ម៉ាលី ។ លោកបានបញ្ជាក់ថា កាលពីម្សិលមិញ ជនរងគ្រោះបាត់បង់ជីវិតមានតែ 15 នាក់ប៉ុណ្ណោះ ប៉ុន្តែមកដល់ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2019 ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងរហូតដល់ជាង៥៤នាក់។
អំពើហិង្សាថ្មីៗត្រូវបានរំពឹងថា អាចនឹងកើតឡើងបន្ថែមទៀត ចំពេលដែលស្ថានការណ៍កំពុងតែកាន់ខ្លាំងឡើងនៅក្នុងរដ្ឋធានីបាម៉ាកូ ទីតាំងដែលក្រុមគ្រួសាររបស់កងកម្លាំងយោធាបាននាំគ្នាតវ៉ារួចជាស្រេចនៅតាមដងផ្លូវនានានោះ។
សាច់ញាតិក្រុមគ្រួសាររបស់កងកម្លាំងយោធាដែលបាតុកម្មបាននិយាយថា កងកម្លាំងទាហានមិនមានការការពារឲ្យបានគ្រប់គ្រាន់នោះទេ នៅលើដី ខណៈដែលពួកគេប្រឈមជាមួយនឹងក្រុមឧទ្ទាមជីហាត។
អំពើហិង្សាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ 2019 បានកើតឡើង បន្ទាប់ពីរយៈពេលមួយខែ
ដែលយោធា 41នាក់បានស្លាប់ និង 20 នាក់ផ្សេងទៀតបានបាត់ខ្លួន អំឡុងពេលវាយប្រហារពីរលើកទៅលើសមាជិកក្នុងតំបន់នៃកងកម្លាំងប្រឆាំងភេរវកម្មរបស់ម៉ាលី៕