ក្រោយការស្លាប់របស់មេដឹកនាំភេរវកម្ម Abou Bakr Al-Baghdadi ក្រុមIS ក៏បានជ្រើសរើស មេដឹកនាំថ្មីដើម្បីបន្តសកម្មភាព ។ សេចក្តីប្រកាស ក្រោយពីសហរដ្ឋអាមេរិកប្រាប់ពិភពលោក ថាថ្នាក់ដឹកនាំកំពូលIS ត្រូវបាញ់ស្លាប់ក្នុងប្រតិបត្តិការវាយប្រហារអាមេរិក នៅភាគខាងជើងស៊ីរី។ ភ្លាមៗ បន្ទាប់ពីប្រកាសឈ្មោះតែងតាំងរួចហើយ, ក្បាលម៉ាស៊ីនISថ្មី ប្រកាសសងសឹងអាមេរិកតែម្តង។
ក្នុងសេចក្តីថ្លែងការណ៍ជាសំឡេងរបស់ខ្លួន ពួកជីហាតតាមរយៈអ្នកនាំពាក្យថ្មី បានបញ្ជាក់បីចំណុចសំខាន់ ប្រាប់ទៅដល់អ្នកដើរតាមមនោគមវិជ្ជាជ្រុលនិយមជីហាត ថាទី១ គឺពួកគេយំសោកស្តាយ និងទទួលស្គាល់ការស្លាប់របស់Abou Bakr Al-Baghdadi មេដឹកនាំចាស់ ដែលធ្លាប់ត្រូវបច្ចិមលោកប្រកាសថាស្លាប់ច្រើនដងមកហើយ តែពេលនេះ គឺពិតជាស្លាប់ពិតប្រាកដហើយ។ ទី២ គឺជីហាតតែងតាំងមនុស្សថ្មីមកជំនួស ហើយចំណុចទី៣ គឺប្រកាសសងសឹកអាមេរិកតាមគ្រប់មធ្យោបាយ ហើយនិងរកផ្លូវរំដោះបក្សពួកជីហាត ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងគុកនិងមន្ទីរឃុំឃាំងនានា ពិសេសគឺនៅស៊ីរី។ នេះបើតាមសេចក្តីបញ្ជាក់នៅក្នុងសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម រយៈពេល៧នាទី ដែលប៉ូលីសស៊ើបអង្កេតចាប់យកបាន។
មេដឹកនាំថ្មីរបស់ពួកអង្គការរដ្ឋអ៊ីស្លាមជីហាត មានឈ្មោះថា Abou Ibrahim Al-Hachimi Al-Qourachi។ នៅក្នុងពេលនេះ គេបានដឹងនិងបានស្គាល់តិចតួចបំផុតពីមេជីហាតថ្មីនេះ។ តែបើតាមអ្នកជំនាញជនជាតិអ៊ីរ៉ង់ដែលតាមដានដិតដល់ពីសំណុំរឿងជីហាត, គឺគេគ្រាន់តែធ្លាប់ដឹងថា Abou Ibrahim Al-Hachimi Al-Qourachi មេជីហាតថ្មី គឺជាអ្នកកាប់កាន់និងជាអ្នកសម្រេចខាងច្បាប់ទម្លាប់ធម៌វិន័យអ៊ីស្លាមជ្រុលនិយមរបស់ក្រុមជីហាតនេះ ហើយក៏ជាអាចអ្នកសម្រេចកាត់ទោសមនុស្សនៅក្នុងក្រុមផងដែរ។ ក្រៅពីនេះ គេហាក់មិនបានដឹងឮអ្វីច្រើនទេ ពីបុគ្គលរូបនេះឡើយ។
ក្បួនរថយន្តដឹកទាហានអាមេរិក នៅតាមផ្លូវចាកចេញពីប្រទេសស៊ីរី រងការបាញ់ប្រហារ ស្ថិតនៅតំបន់ គ្រប់គ្រងដោយកម្លាំងទាហានស៊ីរី ។ ក្បួនរថយន្តខាងលើធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ ក៏ត្រូវកម្លាំងទាហានស៊ីរី FSA គាំទ្រដោយតួកគីវាយប្រហារ។
សារព័ត៌មាន RT របស់រុស្ស៊ីបានដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ការវាយប្រហារទៅលើក្បួនរថយន្តយោធាអាមេរិកកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ពេលកំពុងតែចាកចេញឆ្ពោះទៅកាន់អ៊ីរ៉ាក់តាមបទបញ្ជារបដស់ប្រធានាធិបតីដូណាលត្រាំ ។
ក្បួនរថយន្តយោធាអាមេរិក ធ្វើដំណើរនៅតាមមហាវិថីM4 នៅតាមបណ្តោយព្រំដែនស៊ីរីតួកគី ក្នុងតំបន់គ្រប់គ្រងដោយទាហានតួកគី ។ បច្ចុប្បន្នទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី មិនទាន់ដកចេញរួចរាល់នៅឡើយទេ ក្នុងរយៈពេល១ខែហើយដែលប្រធានាធិបតីដូណាលត្រាំ បញ្ជាឲ្យដកទាហាន១ពាន់នាក់នៅភាគខាងជើងស៊ីរី ឆ្ពោះទៅកាន់អ៊ីរ៉ាក់ តាំងពីថ្ងៃទី៨ខែតុលា ។
ក្រៅពីនេះអាមេរិក ក៏បានដាក់ទាហានមួយចំនួននៅក្នុងខេត្ត Deir Ez Zor ភាគឦសាន្តនៃប្រទេសស៊ីរីដើម្បីការពារ អណ្តូងប្រេង ដែលអាមេរិកកំពុងតែខួងយក។ សកម្មភាពខាងលើ របស់អាមេរិក រងការចោទប្រកាន់ថាកំពុងតែលួចប្រេង របស់ប្រទេសស៊ីរី ។
ជមួយគ្នានេះ កងទ័ពរុស្ស៊ី និង តួកគី បំពេញប្រតិបត្តិការល្បាតរួមគ្នា នៅប៉ែកឦសាន ប្រទេសស៊ីរី ក្នុងគោលដៅ បញ្ជាក់ឱ្យបានច្បាស់ថា កងកម្លាំងគួឌីស្ថានស៊ីរី បានដកចេញមែន ពីតំបន់ ព្រំដែននោះ ស្របនឹងកិច្ចព្រមព្រៀង ចុះរវាង ក្រុង អង់ការ៉ា និង ម៉ូស្គូ ថ្ងៃ ២២ តុលា នៅក្រុងរុស្ស៊ី Sotchi ។
ស្របនឹងកិច្ចព្រមព្រៀងនេះ ចុះដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង សមភាគីតួកគី លោក Recep Tayyip Erdogan កងសេនាជនខាងការពារប្រជាជនគួឌីស្ថានស៊ីរី ហៅកាត់ថា YPG បាន មានពេលរហូតដល់ម៉ោង ១៥ ម៉ោងសាកល ថ្ងៃអង្គារ ២៩ តុលា ដើម្បីដកចេញឱ្យអស់ ពីទីតាំងខ្លួននៅ ជាប់នឹង ព្រំដែនតួកគី ចូលទៅក្នុងដែនដីស៊ីរី ជម្រៅដល់ ៣០ គម។ ពិតជា កិច្ចព្រមព្រៀងនេះ ដែលបាន ផ្អាក ការវាយលុក របស់តួកគី ទៅលើកងកម្លាំងគូដស៊ីរី។
នៅថ្ងៃអង្គារនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigu បានអះអាងថា ការដកចេញនៃ កង សេនាជនគួដ បានចប់សព្វគ្រប់ ដូចដែលមានប្រមើលដោយកិច្ចព្រមព្រៀង។ ពីរថ្ងៃក្រោយមក នៅថ្ងៃ ៣១ តុលា លោក អ៊ែរដូហ្កាន បានថ្លែងថា តួកគីអាចផ្ទៀងផ្ទាត់មើល តើកងសេនាជនគួដ បានដកចេញអស់មែន ឬក៏ទេ? លទ្ធផលនឹងបង្ហាញឱ្យឃើញ ដោយសារប្រតិបត្តិការល្បាតរួមគ្នានៃ កងទ័ពតួកគី និង រុស្ស៊ី។
កងទ័ពរុស្ស៊ី ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន លំអិតថា ៖ ប្រតិបត្តិការល្បាតនេះ បំពេញដោយ យានយន្ដ ពាសដែករុស្ស៊ី និង តួកគី សរុបទៅ ៩ គ្រឿង ហើយសន្តិសុខក្បួនយានយន្ដនេះ ធានាដោយ រថពាសដែក រុស្ស៊ី ធុន BTR-82 នៅតាមបណ្តាយផ្លូវជាង ១១០ គីឡូម៉ែត្រ។
បើជាផ្លែផ្កានៃយុទ្ធនាការវាយលុកពីរលើកមុន តួកគី ដណ្តើមយកបានដែនដីទាំងផ្ទាំងៗ នៅត្រើយខាងលិច ទន្លេ Euphrate នោះ យុទ្ធនាការវាយលុកលើកនេះ ដែលបានចាប់ផ្តើមថ្ងៃ ៩ តុលា បានអនុញ្ញាតឱ្យតួកគី ពង្រីក វត្តមានខ្លួន នៅត្រើយខាងកើតនៃទន្លេនេះ ទាល់តែក្រុងអង់ការ៉ា សម្រេចប្រកាសប្រែឱ្យទៅជា “តំបន់សន្តិសុខ” គឺ តំបន់បណ្តោយ ១២០ គម និង ជម្រៅដល់ ៣០ គីឡូម៉ែត្រ ពី ព្រំដែនតួកគី ចូលក្នុង ដែនដីស៊ីរី ដើម្បីជា ”ទ្រនាប់” ញែក ឱ្យនៅដាច់ពី កងកម្លាំងគួឌីស្ថានស៊ីរី YPG ដែល តួកគី ចាត់ទុកជា “ពួកភេរវជន” ប៉ុន្តែ តាមពិត ជា សម្ព័ន្ធ មិត្ត ទេតើ របស់បស្ចិមប្រទេស ក្នុងការប្រយុទ្ធទល់នឹង ពួកជីហាដ នៃ អង្គការភេរវនិយម” រដ្ឋអ៊ីស្លាម”។
លោកអគ្គលេខាធិការ អសប Antonio Gutteres បានចង្អុលឱ្យឃើញថា គាត់”នឹងពិនិត្យមើល សំណើ នេះ” ដោយសង្កត់ធ្ងន់លើ ការគោរពជាចាំបាច់តាម “ បណ្តាគោលការណ៍ជាមូលដ្ឋាន ដែលចែងអំពីការវិល ត្រឡប់ដោយស្ម័គ្រចិត្តមែនពិត និង យ៉ាងស័ក្តិសម នៃជនភៀសខ្លួន” ទៅស្រុកកំណើតរបស់គេវិញ៕