នាវា Asso Trenta បានចតនៅកំពង់ផែ Pozzallo ជាមួយជនចំណាកស្រុកទាំងនោះ ។ នៅពេលភ្លាមៗនេះ មិនទាន់ដឹងនៅឡើយថា តើជនភៀសខ្លួនទាំងនោះ នឹងស្នាក់នៅក្នុងប្រទេសអ៊ីតាលី ឬក៏ចែកចាយពួកគេឲ្យទៅរស់នៅប្រទេសណាខ្លះក្នុងតំបន់សហគមន៍អឺរ៉ុប ។
ប៉ុន្មានម៉ោងមុននេះ ទូកសង្គ្រោះមនុស្សធម៌របស់អាល្លឺម៉ង់មួយគ្រឿង គឺទូក Alan Kurdi បានទម្លាក់ជនចំណាកស្រុកចំនួន៨៨នាក់ស្ថិតនៅតំបន់ Taranto ដែនដីគោករបស់អ៊ីតាលី ។ ស្ថិតក្រោមកិច្ចព្រមព្រៀងមួយរបស់សហគមន៍អឺរ៉ុប ជនភៀសខ្លួនចំនួន៦៧រូប នឹងត្រូវបែងចែកទៅកាន់ប្រទេសចំនួន៤ដទៃផ្សេងទៀត ខណៈដែលអ្នកដែលនៅសេសសល់ពីនេះ នឹងស្នាក់នៅក្នុងប្រទេសអ៊ីតាលី ។
មន្ត្រីនៅតំបន់ Taranto មួយរូបបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន ANSA របស់អ៊ីតាលីផ្សាយថា ជនភៀសខ្លួនទាំងអស់គ្នាខាងលើនេះ មិនត្រូវបានរាប់បញ្ចូលជនភៀសខ្លួនកុមារចំនួន៥នាក់នោះឡើយ ។ ពួកគេហត់ហេវ និងព្យាយាមធ្វើដំណើរ។ នៅមុនពេលជួយសង្គ្រោះ ពួកគេទាំងនោះបានធ្វើដំណើររយៈពេល៨ថ្ងៃ ។ ពួកគេត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ ចេញពីកណ្តាប់ដៃរបស់ក្រុមជួញដូរមនុស្ស ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីប៊ី ។ ពួកគេធ្វើដំណើរតាមនាវាដែលប្រឈមនឹងហានិភ័យខ្ពស់។
ស្ថិតនៅឯតំបន់ North Macedonia តុលាការមួយបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ន៣០ថ្ងៃ មុនពេលជំនុំជម្រះទោសទៅលើជនប៉ាគីស្ថានចំនួន៣នាក់ ដែលសង្ស័យជួញដូរមនុស្ស និងធ្វើអំពើឃោរឃៅទៅលើជនចំណាកស្រុក ។
ការិយាល័យរដ្ឋអាជ្ញា Skopje បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ខ្លួនបានបើកការស៊ើបអង្កេតប្រឆាំងជនប៉ាគីស្ថាន៣នាក់ និងជនMacedonian ម្នាក់ ពីបទរំលោភបំពានទៅលើជនចំណាកស្រុក ។ ជនជាតិ Macedonian គឺជាម្ចាស់ផ្ទះ ដែលស្ថិតក្រោមការចាប់ឃុំខ្លួននៅក្នុងផ្ទះ ។
ប៉ូលិសបានឆ្មក់ទៅលើលំនៅឋានមួយកន្លែងក្នុងភូមិ Vaksince នៅជិតព្រំដែនខាងជើងជាមួយប្រទេស សឺបៀ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ រកឃើញជនចំណាកស្រុក១២នាក់មកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងនោះមានកុមារ២នាក់ផងដែរ ។ សកម្មភាពនេះកើតឡើងនៅបន្ទាប់ពីទទួលដំណឹងពីប៉ូលិស សឺបៀ ដែលបានដំណឹងពីមិត្តភក្តិជនភៀសខ្លួនថា ពួកគេកំពុងត្រូវបានរងនូវការវាយដំ និងទាមទារប្រាក់ប្រហែល ១ ៤៥០ដុល្លារអាមេរិកគ្រប់ៗគ្នា ដើម្បីថ្នូរនឹងការនាំរត់ពន្ធឆ្លងកាត់បន្ទាត់ព្រំដែន ៕