ព័ត៌មានស្រាវជ្រាវចុងក្រោយបំផុត ត្រូវបាន ប៉ូលិសអង់គ្លេសបានបញ្ជាក់ថា បានស្គាល់អត្តសញ្ញាណអស់ហើយ ជនរងគ្រោះទាំង៣៩នាក់ ដែលបានប្រទះឃើញស្លាប់នៅលើរថយន្តដឹកទំនិញក្លាស្សេ នៅក្នុងប្រទេសអង់គ្លេស កាលពីខែមុននោះ ។ ប៉ុន្តែអត្តសញ្ញាណជនរងគ្រោះទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈបានឡើយ ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានសម្តែងការគោរពចំពោះដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងឡាយនោះផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅព្រឹកព្រលឹមនោះ ប៉ូលិសបានរកឃើញសាកសពបុរស៣១នាក់ និងស្ត្រី៨នាក់ នៅក្នុងរថយន្តដឹកទំនិញក្លាស្សេមួយគ្រឿង ស្ថិតនៅឯតំបន់សួនឧស្សាហកម្មមួយកន្លែងនៅទីក្រុង Grays ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡុងដុង ។
ប៉ូលិសអង់គ្លេសបានបញ្ជាក់ប្រាប់ប្រភពព័ត៌មានកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អត្តសញ្ញាណជនរងគ្រោះទាំងនោះបានស្គាល់គ្រប់គ្នាអស់ហើយ ហើយការស៊ើបអង្កេតទៅលើសោកនាដកម្មនេះ បាននិងកំពុងប្រព្រឹត្តបន្តឡើង ។
ជំនួយការស្នងការប៉ូលិសក្នុងតំបន់លោក Tim Smith បានថ្លែងការណ៍ថា នេះគឺជាជំហានមួយយ៉ាងសំខាន់នៅក្នុងការស៊ើបអង្កេត ហើយអាចផ្តល់លទ្ធភាពឲ្យយើងធ្វើការជាមួយសហការីប៉ូលិសវៀតណាមដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់នោះ ។
ប៉ូលិសអង់គ្លេសបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធសោកនាដកម្មនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះមានអ្នកបើកបររថយន្តដឹកទំនិញក្លាស្សេអាយុ២៥ឆ្នាំ Maurice Robinson មកពីអៀរឡង់ខាងជើង ដែលចោទប្រកាន់កាលពីសប្តាហ៍មុនថា សម្លាប់មនុស្សចំនួន៣៩លើករួចមកហើយ ។
កាលពីដើមសប្តាហ៍កន្លង ប៉ូលិសវៀតណាមប្រកាសថា បានចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីនេះផងដែរ ។ ប៉ូលិសអង់គ្លេសអះអាងថា កំពុងសហការជាមួយប៉ូលិសវៀតណាម និងប៉ូលិសសហគមន៍អឺរ៉ុបពាក់ព័ន្ធករណីមួយនេះ ។
គួរបញ្ជាក់ថាភ្លាមៗបន្ទាប់ពីប្រទះឃើញសាកសពនៅក្នុងរថយន្តដឹកទំនិញក្លាស្សេ គេបានប្រកាសថា ជនរងគ្រោះទាំងនោះគឺជាជនជាតិចិន ។ ប៉ុន្តែក្រោយមក ទើបគេដឹងច្បាស់ថា ជាពលរដ្ឋវៀតណាមទៅវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Smith បានបញ្ជាក់ថា សូមចូលរួមរំលែកទុក្ខក្រៀមក្រំនេះជាមួយញាតិមិត្តក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលទទួលរងសោកនាដកម្មក្នុងការធ្វើដំណើរទៅដល់ទឹកដីរបស់អង់គ្លេស ៕