អាជ្ញាធរប្រទេសអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យ៉ាងតិចមនុស្ស២នាក់បានស្លាប់ និងលំនៅឋានពលរដ្ឋប្រហែល១០០ខ្នងត្រូវបានបំភ្លេចបំផ្លាញដោយភ្លើងឆេះព្រៃ រាលឆេះនៅទូទាំងតំបន់ភាគខាងកើតប្រទេសអូស្ត្រាលី ។
អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian ក៏បានថ្លែងផងដែរថា មនុស្ស៧នាក់ផ្សេងទៀតបានបាត់ខ្លួន ។ នៅពេលបច្ចុប្បន្ននេះ ក្រុមពន្លត់អគ្គិភ័យបាននិងកំពុងព្យាយាមគ្រប់គ្រងស្ថានការភ្លើងឆេះព្រៃដែលកំពុងឆាបឆេះច្រើនទីតាំងនៅក្នុងរដ្ឋខាងលើនេះចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា មកម្ល៉េះនោះ ។
លោកស្រី បានថ្លែងថា «ខ្ញុំក្តុកក្តួលចិត្តខ្លាំងណាស់ដោយនិយាយថា ជនរងគ្រោះអាចនឹងកើនឡើងច្រើនជាងនេះ បើទោះបីនៅថ្ងៃទី៩ ខែវិច្ឆិកា ស្ថានការភ្លើងឆេះព្រៃបានល្អប្រសើរបន្តិចទៅហើយយ៉ាងណាក្តី ។ នៅសប្តាហ៍ខាងមុខ ការព្យាករអាកាសធាតុ បានបញ្ជាក់ថា យើងប្រហែលមិនជួបនូវគ្រោះថ្នាក់ដ៏អាក្រក់បែបនេះទេ» ។
មន្ត្រីសង្គ្រោះអាសន្នបានបញ្ជាក់ថា បានរកឃើញសាកសពមនុស្សម្នាក់នៅក្នុងរថយន្តមួយគ្រឿង ហើយស្ត្រីម្នាក់ទៀតបានស្លាប់ ក្រោយពីខិតខំសង្គ្រោះជីវិតពីក្រុមគ្រូពេទ្យអស់ជាច្រើនម៉ោងមិនបានសម្រេច ។
ប្រភពព័ត៌មានថ្មីចុះក្រោយដែលចេញផ្សាយដោយក្រុមពន្លត់អគ្គិភ័យក្នុងតំបន់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩បញ្ជាក់ថា លំនៅឋានប្រហែល១០០ខ្នងត្រូវបានបំផ្លាញដោយសារតែភ្លើងឆេះព្រៃកាលពីថ្ងៃទី៨ ខែវិច្ឆិកា ។ មនុស្សជាង៣០នាក់ផ្សេងទៀតបានរងរបួស ភាគច្រើនគឺជាអ្នកពន្លត់អគ្គិភ័យ ។
អូស្ត្រាលីបានបញ្ជាក់ថា នេះជាភ្លើងឆេះព្រៃធ្ងន់ធ្ងរបំផុតរបស់ខ្លួនសម្រាប់រដូវកាលភ្លើងឆេះព្រៃនេះ ។ ផ្នែកជាច្រើនក្នុងប្រទេស បានប្រឈមគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា រដ្ឋ New South Wales អាជ្ញាធរពន្លត់អគ្គិភ័យបានចេញព្រមានអាសន្នមួយ ខណៈភ្លើងឆេះព្រៃកំពុងកើតឡើង១៧ទីកន្លែង ហើយរាលឆាបឆេះរហ័សបំផុត ដោយសារកត្តាខ្យល់បក់ខ្លាំង បូករួមអាកាសធាតុក្តៅហួតហែង ។
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅក្នុងរដ្ឋតែមួយខាងលើនេះ ភ្លើងឆេះព្រៃកំពុងតែឆេះស្ថិតនៅក្នុងគ្រាអាសន្ននោះចំនួន៦ទីកន្លែង ។ នៅទូទាំងប្រទេសអូស្ត្រាលី ពេលនេះមានភ្លើងឆេះព្រៃជាង៧០កន្លែងជាសរុប ។
នៅចុងខាងជើងតំបន់ Queensland ពលរដ្ឋរាប់ពាន់នាក់មកពីតំបន់ឈូងសមុទ្រ Sunshine បាននាំគ្នាស្នាក់នៅបណ្តោះអាសន្នក្រោមដំបូលប្រក់តង់ កន្លែងសម្រាប់ជម្លៀសខ្លួននោះ ក្រោយពីអាជ្ញាធរពន្លត់អគ្គិភ័យបានណែនាំពួកគាត់ឲ្យចាកចេញពីលំនៅឋានមកកាន់ទីនោះ ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានថ្លែងថា ភ្លើងឆេះព្រៃកាន់តែច្រើនឡើង បង្កការព្រួយបារម្ភជាខ្លាំង ។ លោកបានជំរុញ ប្រជាជនត្រូវតែភៀសខ្លួនទៅរកតំបន់មានសុវត្ថិភាព និងស្តាប់តាមដំបូន្មានរបស់ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យផង ។
ថ្លែងលើបណ្តាញសង្គមធ្វីធើ លោកបានបញ្ជាក់ថា ខ្ញុំតែងតែតាមដាន និងពិនិត្យមើលសភាពភ្លើងឆេះព្រៃនេះជាប្រចាំ ហើយយើងពិតជាត្រៀមខ្លួនជាស្រេចនៅក្នុងការផ្តល់ជំនួយបើសិនត្រូវការ ៕ ប្រភព៖ រ៉យទ័រ