ស្ថានភាពនយោបាយនៅក្នុងប្រទេសប៊ូឡាវីកាន់តែអាក្រក់ទៅ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ក្រោយអតីតប្រធានាធិបតី ភៀសខ្លួននយោបាយនៅក្នុងប្រទេសម៉ិចស៊ីកូ ដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៤ខែវិច្ឆិកាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនៅក្នុង ប្រទេសប៊ូឡាវី គឺជារឿងគួឲ្យបារម្ភ ។ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យដោះស្រាយដោយសន្តិភាព។
ប្រធានាធិបតីបណ្តោះអាសន្ន ប៊ូឡាវីលោកស្រី Anez បានប្រកាសថា មិនស្វាគមន៍អតីតប្រធានាធិបតី Evo Morales ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោត នាពេលខាងមុខឡើយ។
ប្រធានាធិបតីបណ្តោះអាសន្ន បូឡាវីលោកស្រី Jeanine Anez កាលពីថ្ងៃទី១៤ ខែវិច្ឆិកាបានប្រកាសថា អតីតប្រធានាធិបតីដែលបានលាលែងពីតំណែងហើយ ភៀសខ្លួនទៅកាន់ប្រទេសម៉ិចស៊ីកូ មិនត្រូវបានស្វាគមន៍សម្រាប់ការបោះឆ្នោតនាពេលខាងមុខនោះឡើយ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ កាលពិថ្ងៃទី១៤ ខែវិច្ឆិកា លោកស្រី Jeanine Anez បានបញ្ជាក់ថា លោក Morales មិនលក្ខខណ្ឌ សម្រាប់ឈរឈ្មោះបោះឆ្នោតអាណត្តិ ទី៤ នោះឡើយ។ តាមប្រសាសន៍របស់លោកស្រី Jeanine Anez អតីតប្រធានាធិបតី Morales កាន់អំណាចតាំងពីឆ្នាំ២០០៦ បានបំពានច្បាប់ អាណត្តិរបស់ប្រធានាធិបតី។ ចំពោះ សមាជិកគណបក្សរបស់ អតីតប្រធានាធិបតី គឺមានសិទ្ធនៅក្នុងការឈរឈ្មោះបោះឆ្នោត។
មកទល់ពេលនេះលោកស្រី Jeanine Anez មិនបានប្រកាសពីពេលវេលាជាក់លាក់សម្រាប់បោះឆ្នោត ថ្មីនោះឡើយប៉ុន្តែតាមច្បាប់លោកស្រី មានរយៈពេល ៩០ ថ្ងៃដើម្បីរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ថ្មី ៕