ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយអាមេរិក ! បាញ់ប្រហារនៅសាលារៀន ស្លាប់និងរបួស​៥នាក់ 

ចែករំលែក៖

សិស្សវ័យ​១៦ឆ្នាំ ម្នាក់បានបាញ់ប្រហារនៅក្នុងសាលារៀន បណ្តាញឲ្យ មនុស្ស ​២នាក់​ស្លាប់ និង៣នាក់រងរបួស នៅក្នុងសាលារៀនមួយកន្លែងក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ ជនដៃដល់​ក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ តែមិនស្លាប់។

ការបាញ់ប្រហារកើតឡើងនៅសាលាវិទ្យាល័យ Santa Clarita ក្នុងទីក្រុង Los Angeles រដ្ឋCalifornia។ ជនដៃដល់ក៏ជាសិស្សនៅក្នុងសាលានេះផងដែឬ មានដើមកំ​ណើត​មកពីតំបន់អាស៊ី​។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាព្រឹកថ្ងៃ១៤ខែវិច្ឆិកា  (ពេលវេលាក្នុងតំបន់នៅអាមេរិក) នៅពេលយុវជនម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើមិត្តរួមសាលាចំថ្ងៃខួបកំណើតឈានចូលដល់អាយុ ១៦ឆ្នាំរបស់ខ្លួន ដែលជាលទ្ធផលបានបណ្តាល ឲ្យសិស្សសាលា ០២នាក់ស្លាប់ និង ០៣នាក់ផ្សេងទៀតទទួលរងរបួស មុនពេលបាញ់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែបើតាមអាជ្ញាធរអាមេរិក យុវជននោះមិនទាន់ស្លាប់ឡើយ គឺកំពុងទទួលការសង្រ្គោះនៅពេលមន្ទីរពេទ្យ តែស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ។

គួរជម្រាបថា អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់ចេតនា នៅពីក្រោយសកម្មភាពរបស់ខ្មាន់កាំភ្លើងនោះទេ។ រីឯទីភ្នាក់ងារស៊ើបអង្កេត FBI ក៏បានឲ្យដឹងដែរថា ពុំមានសញ្ញានៃមនោគមន៍វិជ្ជា ឬក៏ជនរួមគំនិតណាផ្សេងឡើយ។ ដោយឡែកជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ខណៈក្នុងចំណោមអ្នករងរបួស មានក្មេងប្រុសម្នាក់ និងស្រី ០២នាក់ ដែលមានអាយុចន្លោះពី ១៤-១៥ឆ្នាំ។ បើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ករណីបាញ់ប្រហារក្នុងសាលារៀនដល់ទៅជាង ៤០ករណី បានកើតឡើងនៅសហរដ្ឋអាមេរិក៕


ចែករំលែក៖