ព័ត៌មានទាន់ហេតុការណ៍៖

ដល់វេនកូឡំប៊ីវិញម្តង រងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

កន្លងមកកូឡំបីរួមដៃជាមួយអាមេរិក គាំទ្រដល់ក្រុមបាតុកម្មនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា ប្រឆាំង រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ។ នៅពេលនេះកូឡំប៊ីរងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវិញម្តង​ ។

រដ្ឋាភិបាលកូឡំប៊ី បានប្រកាសឲ្យដឹងថា មានអំពើហិង្សា ឆក់ប្លន់​កើតឡើង​ កាលពីថ្ងៃទី​២២​ ខែវិច្ឆិកា​ ពេលពលរដ្ឋចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ​បណ្តាលឲ្យមានមនុស្ស​៣នាក់ស្លាប់ និង​២៧៣នាក់រងរបួស និងបង្កការខូចខាតយ៉ាងច្រើន។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ី​លោក​ Holmes Trujillo បានប្រកាសឲ្យដឹងថា​​ មានអ្នកស្លាប់ពីរនាក់នៅតំបន់ Buenaventura និងម្នាក់ទៀត នៅតំបន់​ Candelaria​ស្ថិតនៅរដ្ឋ​ Valle Del Cauca។ លោកបន្តទៀតថា​ មានសកម្មភាព​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ពីសំណាក់ក្រុមបាតុករ ជំរុញឲ្យមានអំពើហិង្សាកើតឡើង​ ដោយប៉ះទង្គិចជាមួយក្រុមសន្តិសុខ ។ នៅក្នុងការប៉ះទង្គិចគ្នានោះ បណ្តាលឲ្យសមាជិកកម្លាំងប្រដាប់អាវុធ​១៥១នាក់រងរបួស​​ក្នុងនោះមាន​១៣៨នាក់ជាទាហាន​។

មហាបាតុកម្មខាងលើ ដោយមានការចូលរួម​ពីពលរដ្ឋរាប់រយពាន់នាក់នៅទូទាំងប្រទេស​កូឡុំប៊ី​​​ បើទោះបីមិនប៉ះពាល់ដល់​​វិស័យសេដ្ឋកិច្ច ​ប៉ុន្តែ​ប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យនាំចេញ​ប្រេង​និងធ្យូង​។ ទីតាំងពាណិជ្ជកម្មធំៗ ក៏ត្រូវបិទទ្វារផងដែរ​ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង​។

ការធ្វើបាតុកម្ម របស់ពលរដ្ឋកូឡុំប៊ី​ ដើម្បីប្រឆាំង ការកែប្រែច្បាប់ស្តីពី​ពលកម្ម ចូលនិវត្តន៍​ ព្រមទាំងវិស័យអបរំផងដែរ​ ។ ច្បាប់កែប្រែខាងលើ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ​ ៕​


ចែករំលែក៖