ព័ត៌មានទាន់ហេតុការណ៍៖

ទិវាអនាម័យបរិស្ថានជាតិ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ»

ចែករំលែក៖

ភ្នំពេញ៖ ទិវាអនាម័យបរិស្ថានជាតិ សម្រាប់ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ត្រូវបានប្រារព្ធឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែវិច្ឆិកានេះដោយ កន្លែងប្រារព្ធទិវានេះនៅតាមរាជធានីខេត្តមានការចូលរួមពីសាធារណជនយ៉ាងច្រើនកុះករ។ នេះ គឺជាការឲ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាពាក្យក្រសួងបរិស្ថាននៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពីទឹកដីខេត្តរតនគិរី ជាទីដែលលោករួមនឹងមន្ត្រីរាជការនៃ ក្រសួងបរិស្ថានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាមួយនឹងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សជាង ១០០០ នាក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ បង្កើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ តម្រូវឲ្យប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំា ដើម្បីបំផុសចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់​ភូមិសិក្សា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួម ទាំងស្មារតី និងសម្ភារក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ មជ្ឈមណ្ឌល​សេដ្ឋកិច្ច សំដៅបំបាត់ឲ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់​ផ្សេងៗ ដើម្បី​កែ​លម្អ​គុណភាព​បរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានបរិស្ថានល្អ មានភាពបៃតង មានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ធនធានធម្មជាតិនិងជីវៈចម្រុះត្រូវបានការពារ ហើយគុណភាព និងនិរន្តរភាពបរិស្ថានត្រូវបានធានា។

​លោករដ្ឋលេខាធិការបានលើកឡើងថាដើម្បីធានាបានគុណភាពបរិស្ថានសោភ័ណភាពទីប្រជុំជន និងសុខភាព​សាធារណៈ យើងទាំងអស់គ្នា ចាំបាច់​​ត្រូវ​យកចិត្តទុកដាក់លើកកម្ពស់គ្រប់គ្រងសំណល់សំរាម ឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែក​សំរាមតាម​​ប្រភេទ ដូចជាសំណល់​សរីរាង្គ សំណល់ដែលអាចកែច្នៃ បានដូចជាក្រដាស់ ឬ ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និង​សំណល់ផ្សេងៗ ដើម្បីប្រែ​ក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយ​បរិមាណ​​សំណល់​នៅ​តាម​ទីលានចាក់សំរាម។ បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងគឺជាង ១ ម៉ឺនតោន នៅក្នុងមួយថ្ងៃ និងបរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះ ៦០% ជាសំណល់សររីរាង្គ ២០% នៃសំណល់សំរាមនេះ គឺជាសំណល់ថង់ប្លាស្ទិក ៩% ជាសំណល់ក្រដាស់ និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ ឆ្នាំ និងការអភិវឌ្ឍប្រទេស បានជំរុញឲ្យប្រជាជនកម្ពុជាមានការគិតគូរខ្ពស់ជាងមុន ហើយជាពិសេសការគូរពីការរស់នៅឲ្យបានល្អជាងមុន ហើយបានផ្លាស់ប្តូរទម្លាប់ប្រែក្លាយសង្គមជាតិ ងាកមករកការគិតលើការថែរក្សាអនាម័យ លើសុខភាព គឺជាពិសេសចំពោះបរិស្ថាននៅកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមលើកទឹកចិត្តបន្ថែមាំទៀតឲ្យមានការគិតគូពីការធ្វើអនាម័យនៅតាមគេហដ្ឋាន តាមទីសាធារណឲ្យបានខ្ជាប់ខ្ជួនចូលរួមប្រើប្រាស់សម្ភារដែលផលិតបានក្នុងស្រុកដែលអាចជួយកាត់បន្ថយបានការនាំចូល និងកាត់បន្ថយការបំពុលបរិស្ថាន ដូចជាការប្រើប្រាស់វត្ថុប្លាស្ទិក ឬចំណីអាហារដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។

តាមការបញ្ជាក់របស់លោក នេត្រ​ ភក្ត្រា ក្រសួងបរិស្ថានបានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយចុះផ្ទាល់និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល ពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើន ក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

លោកបានថ្លែងថា៖«ដើម្បីធ្វើឲ្យកម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។ សូមបងប្រជាពលរដ្ឋចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលកំពុងរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្ម ជាផ្ទះរបស់យើងទាំងអស់គ្នា និងចាំបាច់ត្រូវតែសម្អាតអនាម័យជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកកម្ពស់សុខុមាលភាពសាធារណៈ»។

លោករដ្ឋលេខាធិការបានមានប្រដសាសន័ថា ការជួបជុំប្រារព្ធទិវាអនាម័យបរិស្ថាន ជាតិ ២៣ វិច្ឆិកានេះក្នុងក្របខណ្ឌទូទាំងប្រទេស​​ក្នុង​គោល​បំណងបំផុស​ស្មារតី និងផ្លាស់ប្តូរឥរិយាបថ​ប្រជាពលរដ្ឋឲ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ទិវាអនាម័យបរិស្ថានជាតិនេះបាននិងកំពុងតែ ​ក្លាយជា​ចលករ ​ដែល​ជំរុញ​ឲ្យ​មានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន​ចេញ​ពី​បុគ្គល​ម្នាក់​ៗ​​ក្នុង​ការចេះទទួលខុសត្រូវ ក្នុងការទុក​ដាក់​កាកសំណល់ ដោយមិនបោះចោល​ពាសវាល​ពាសកាលនៅតាមទីសាធារណៈ ជា​​ហេតុធ្វើ​ឲ្យ​ប៉ះពាល់ដល់សោភ័ណភាពទីក្រុង ទីប្រជុំជន និងរាជធានី-ខេត្តទូទាំងប្រទេស។

ទិវាអនាម័យបរិស្ថានជាតិនេះនឹងចលនាកម្លាំងគ្រប់មជ្ឈដ្ឋានឲ្យចូលរួមធ្វើអនាម័យ ក៏ដូចជា​បំផុស​ចលនា​ចូលរួម​ធ្វើការសំអាត​អនាម័យ​បរិស្ថាន​តាម​ទីលំនៅ​ដ្ឋាន ទីសាធារណៈ ​ដោយ​ទុកដាក់​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវនិងដាំដើមឈើដើម្បី​​ឲ្យ​​មាន​ភាពបៃតង​ស្រស់​ប្រកបដាយផាសុកភាព។ ទន្ទឹម នឹងនេះផងដែរ ការប្រាព្វទិវាអនាម័យបរិស្ថាននេះនឹងចូលរួមផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយា​របស់​មនុស្សក្នុងការ​​ប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។

​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន បានគូសប​ញ្ជាក់ថា៖ «ទិវាអនាម័យបរិស្ថានជាតិមានតែមួយថ្ងៃក៏ពិតមែន ប៉ុន្តែយើងត្រូវអនុវត្តប្រតិបត្តិមេត្រីភាព បរិស្ថានជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបរិស្ថានស្អាត និងការពារភពផែនដីរបស់យើង ព្រមទាំងប្រែក្លាយចំណេះដឹងបរិស្ថានឲ្យទៅជាការប្រតិបត្តិបរិស្ថានល្អ។

ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថានឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ឋភាព យើងត្រូវធ្វើគ្រប់មធ្យោបាយ និង គ្រប់រូបភាព សំដៅកែប្រែទាំងផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន ជាពិសេសកែប្រែពីការឈរមើលនិងការរិះគន់ មកជាការចូលរួមដោយស្មារតីភ្ញាក់រឭក ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ការអភិវឌ្ឍ និងរស់នៅដោយចីរភាពវិញ» ៕ សុខ ខេមរា


ចែករំលែក៖