ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុង បង្ក្រាបគ្រឿងញៀនជាង៤២គីឡូក្រាម មានតម្លៃជិត​៤លានដុល្លារ

ចែករំលែក៖

ក្នុងពេលដែលកោះហុងកុងកំពុងតែប្រឈមវិបត្តិ ដោយសារតែបាតុកម្ម ហើយ កម្លាំងប៉ូលិស ផ្តោតទៅលើការរក្សាសន្តិសុខ ក្រុមជ្រួញដូរគ្រឿងញៀនបាន ឆ្លៀតឱកាសជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំចូលទៅកាន់កោះនេះ ។

នៅពេលនេះប៉ូលិសគយរបស់ហុងកុង បានបង្ក្រាបគ្រឿងញៀនជាង៤២គីឡូក្រាម គិតជាតម្លៃប្រហែល ៣,៨ លាន ដុល្លារអាមេរិក ស្ថិតនៅអាកាសយានដ្ឋាន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្ដិការ បង្រ្កាបដាច់ដោយឡែកពីរករណីផ្សេងគ្នា ។ 

ប្រភពព័ត៌មាន ហុងកុងបានផ្សាយថា ប៉ូលិសរបស់ហុងកុង បានត្រួតពិនិត្យមើលជើងហោះហើរពីប្រទេសម៉ាឡេស៊ីឆ្លងកាត់ទឹកដីហុងកុងទៅកាន់ប្រទេសជប៉ុន ។ ក្នុងប្រតិបត្ដិការនេះកម្លាំងប៉ូលិសគយរបស់ហុងកុង បានរកឃើញ សង្ស័យគ្រឿងញៀនចំនួន ២៨.៦គីឡូក្រាម ដែលបានលាក់ទុកក្នុងទូរទស្សន៍ LED ចំនួន៥គ្រឿង ។ 

ប៉ូលិសហុងកុងបានបញ្ជាក់ថា នេះគឺជាការបង្ក្រាបបានគ្រឿងញៀនទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលក្រុមជនខិលខូចបានដឹកជញ្ជូនតាម ជើងហោះហើរឆ្លងកាត់ទីក្រុងហុងកុង។ 

ប្រភពបានបន្តទៀតថា នៅក្នុងថ្ងៃជាមួយគ្នានោះ ប៉ូលិសគយក៏បានត្រួតពិនិត្យវ៉ាលិសរបស់បុរសអាយុ ២៧ឆ្នាំម្នាក់ ហើយនិងស្ត្រីអាយុ២៦ឆ្នាំម្នាក់ ដែលបានមកដល់ទីក្រុងហុងកុង ពីទីក្រុង ប្រ៉ុចសែល ប្រទេសប៊ែលហ្សិក តាមជើងហោះហើរដូចគ្នា ។ 

នៅក្នុងការត្រួតពិនិត្យនោះ ប៉ូលិសបានរកឃើញ សង្ស័យថ្នាំញៀន (ketamine)ចំនួន១០.៣គីឡូក្រាម និងសង្ស័យថ្នាំញៀនកូកាអ៊ីន (cocaine) ចំនួន៣.២ គីឡូក្រាម ។ 

ប៉ូលិសហុងកុងបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយបាននឹងកំពុងស៊ើបអង្កេតបន្តទៀត ពាក់ព័ន្ធជាមួយករណីទាំងនេះ។

ប៉ូលិសគយរបស់ហុងកុងបានបញ្ជាក់ថា «ប៉ូលិស​នឹងបន្តប្រយុទ្ធប្រឆាំង សកម្មភាពជួញដូរគ្រឿងញៀន ឆ្លងកាត់ប្រទេស តាមរយៈការធ្វើដំណើរតាមជើងហោះហើរ លាក់បង្កប់ទុកនៅក្នុងទំនិញរបស់អ្នកដំណើរ ។ ការបង្ក្រាបនេះ ធ្វើឡើងតាមរយៈយុទ្ធសាស្ត្រ វិភាគ ហើយនិងការទទួលបានព័ត៌មានសម្ងាត់» ៕ 


ចែករំលែក៖