ការវាយប្រហារដោយប្រើកាំបិត កើនឡើងនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសអង់គ្លេស ដោយសារតែ កាំភ្លើងត្រូវបានត្រួតពិនិត្យយ៉ាងតឹងតែងទើបធ្វើឲ្យជនដៃដល់ ក៏ដូចក្រុមភេរវកម្ម ប្រើប្រាស់កាំបិតជាអាវុធដើម្បីវាយប្រហារវិញ។
ប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវជាបន្ទាន់ អំពីអត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់ នៅក្នុងការវាយប្រហារ ក៏ដូចជា មូលហេតុ នៃការវាយប្រហារ និងបក្ខពួកចូលរួមក្នុងសកម្មភាពនេះ។
ប៉ូលិសទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជាក់ថា កម្លាំងសន្តិសុខបានបាញ់សម្លាប់ជនដៃដល់ ដែលបានប្រើកាំបិត ចាក់សម្លាប់មនុស្សពីរនាក់ និង របួស៣នាក់។ រីឯរដ្ឋាភិបាល ទីក្រុងឡុងដ៍ បានចាត់ទុកថា នេះជាសកម្មភាព វាយប្រហារភេរវកម្ម។
ជនដៃដល់ បានវាយប្រហារ នៅវេលាម៉ោង១៤ (ម៉ោងក្នុងតំបន់) សំដៅទៅលើពលរដ្ ឋនៅក្នុងសាលមហោស្រព Fishmongers ក្បែរស្ពាន London នៅកណ្តាលទីក្រុង។ ទីតាំងខាងលើ ក៏ធ្លាប់រងការវាយប្រហារយ៉ាងរន្ធត់ កាលពីឆ្នាំ២០១៧ សម្លាប់មនុស្ស៨នាក់ និង៤៨នាក់រងរបួស។
មន្ត្រីរដ្ឋាភិបាលអង់គ្លេសដែលមិនបញ្ចេញឈ្មោះ បានលើកឡើងថា កន្លងមក បុរសខាងលើ ត្រូវបានកាត់ទោសឲ្យជាប់គុក ពីបទវាយប្រហារជាប់ពាក់ព័ន្ធនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម។ ប៉ុន្ដែជនដៃដល់ ទើបតែចេញពីគុក កាលពីមួយឆ្នាំមុននេះ ក្រោយការយល់ព្រមពាក់កាត់អេឡិចត្រូនិកតាមដានសកម្មភាពរបស់គេ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា «នេះជាកំហុសយ៉ាងធំមួយ ដែលបានអនុញ្ញាតឲ្យជនល្មើសប្រកបដោយគ្រោះថ្នាក់ ចេញពីគុកឆាប់ពេក ទើបមានហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង»។
នៅក្នុងឃ្លីបវីដេអូនោះ បានបង្ហាញឲ្យឃើញថា អ្នកធ្វើដំណើរមួយចំនួន បានព្យាយាមចាប់ជនដៃដល់ នៅលើស្ពាន ហើយដណ្តើមយកកាំបិតពីដៃជនដៃដល់ដែរ។ ដោយឡែក នៅក្នុងឃ្លីបវីដេអូមួយផ្សេងទៀត ប៉ូលិស បានអូសបុរសម្នាក់ ចេញពីជនដៃដល់ មុនពេលគេបាញ់ប្រហារចំនួនពីរគ្រាប់ សម្លាប់ជនដៃដល់។
សកម្មភាពរបស់ពលរដ្ឋ ដែលមានភាពក្លាហាន អាចទប់ស្កាត់ជនដៃដល់ មិនឲ្យបន្ដកាប់សម្លាប់មនុស្សកាន់តែច្រើនឡើងយ ដោយពួកគាតបាននាំគ្នាជួយចាប់ជនដៃដល់ ហើយដកហូតកាំបិតចេញ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានកោតសរសើរប្រជាពលរដ្ឋទាំងនោះថា មានភាពក្លាយហានទប់ស្កាត់អំពើភេរវកម្ម៕