ខេត្តឧត្ដរមានជ័យ ៖ កសិករនៅស្រុកបន្ទាយអំពិល ជាប់ព្រំប្រទល់ស្រុកបន្ទាយឆ្មារ ភាគច្រើនប្រកបមុខរបរដាំដំឡូងមី បន្ទាប់ពីពួកគាត់ច្រូតកាត់ស្រូវរួច ។
លោក សាវឿន កសិករប្រកបរបរនេះ បានឲ្យដឹងថា ការដាំដំឡូងមី គឺត្រូវចំណាយពេលមើលថែរហូតដល់ទៅ៨ខែ ទើបមើមដំឡូងធំគ្រប់គ្រាន់អាចដកប្រមូលផលបាន ។ ដំណាំនេះ ត្រូវការដីមានជី ជាតិល្អ តែមិនដូចសូវត្រូវការទឹកច្រើននោះទេ។
លោក បន្តថា ផ្ទៃដីបង្កបង្កើនផលរបស់លោកមានត្រឹមតែ៥ហិកតា ក្នុងមួយរដូវគាត់អាចប្រមូលផលបានរហូតដល់២០លានរៀល ។ ដោយសារតម្លៃដំឡូងបច្ចុប្បន្ននៅលើទីផ្សារមានភាពល្អប្រសើរនិងមានឈ្មួញទៅទទួលទិញដល់ទីកន្លែងផងដែរ។
លោក ព្រឿង ប្រាសិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់តម្លៃដំឡូងមីបច្ចុប្បន្ន គឺមិនខុសអីដូចបណ្តាឆ្នាំកន្លងមកនោះឡើយ អាចប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បានឱ្យដឹង ដែរថា ពលរដ្ឋភាគច្រើនក្នុងខេត្តឧត្តរមានជ័យ មាន៨០% ប្រកបរបរកសិកម្ម៕ ប៉ែននួន