ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការផ្កាឈូករ័ត្នមួយកន្លែងនៅស្រុកសំពៅលូនម្ចាស់ចម្ការដាំដើម្បីស្តារគុណភាពដី ឲ្យមានជីវជាតិឡើងវិញ បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទាក់ទាញប្រជាពលរដ្ឋរស់នៅក្បែរទល់ដែនកម្ពុជា-ថៃ មកលេងកម្សាន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចម្ការឈូករ័ត្នមួយកន្លែងដែលមានផ្ទៃដីជាង១ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានម្ចាស់ចម្ការដាំផ្កាឈូករ័ត្ននេះ ឡើងក្នុងគោលបំណងដើម្បីស្តាគុណភាពដីឲ្យមានជីវជាតិឡើងវិញ បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិទាក់ទាញប្រជាពលរដ្ឋរស់នៅក្បែរទល់ដែនកម្ពុជា-ថៃ នាំគ្នាមកលេងកម្សាន្ត និងថតផ្តិតរូបភាពជាមួយផ្កាឈូករ័ត្នពណ៌លឿងដ៏ស្រស់ដើម្បីទុកអនុស្សាវរីយ៍ ។

អ្នកនាង កេង សុចិន្តា ម្ចាស់ចម្ការផ្កាឈូករ័ត្ន ប្រាប់ឲ្យដឹងថា ការដាំផ្កាឈូករ័ត្នគឺស្វាមីរបស់នាងរៀនផ្នែកកសិកម្មនៅប្រទេសថៃជាអ្នករៀបចំដាំផ្កានេះឡើងដើម្បីជួយឲ្យដីរបស់នាងដែលមានផ្ទៃដីប្រមាណជាង១ហិកតាមានជីវជាតិក្នុងការដាំដុះដំណាំផ្សេងៗ ។ ដីនោះនាងទើបតែទិញបានដោយខ្វះជីវជាតិដាំដំណាំមិនសូវបានផលនោះទេ ។ ទើបស្វាមីនាងដែលមានជំនាញខាងកសិកម្មទិញគ្រាប់ពូជផ្កាឈូករ័ត្នពីខេត្តឈៀងម៉ៃប្រទេសថៃ១គីឡូក្រាមជិត១០ម៉ឺនរៀល យកមកដាំដុះលើផ្ទៃខាងលើនោះ ។

អ្នកនាង កេង សុចិន្តា បានប្រាប់ឲ្យដឹងថា ការដាំផ្កាឈូករ័ត្ននេះផងដែរមុនដំបូងគ្រាន់តែជាការដាំដើម្បីស្តាគុណភាពដីជាធម្មតាប៉ុណ្ណោះ ។ ក្រោយមកមានប្រជាពលរដ្ឋចេះតែនាំគ្នាមកថតលេងនៅពេលល្ងាចៗកាន់តែច្រើនស្វាមីរបស់នាងក៏បានរៀបចំផែនការដាំផ្កាឈូរ័ត្នសារជាថ្មីដោយដាំជាសួនឲ្យមានជួរត្រឹមត្រូវធ្វើឲ្យកាន់មានការទាក់ទាញប្រជាពលរដ្ឋដែលរស់នៅទល់ដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមកលេងកម្សាន្តកាន់តែច្រើនឡើង ។

អ្នកនាង កេង សុចិន្តាប្រាប់ឲ្យដឹងទៀតថា ការដាំផ្កាឈូករ័ត្នគ្មានអ្វីលំបាកនោះឡើយ គ្រាន់តែថែស្មៅ ស្រោចទឹក ឲ្យបានដិតដល់វា និងដុះរីកលូតលាស់ល្អត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះវា និងរីកចេញផ្កានោះហើយ ។ ផ្កាឈូករ័ត្នមានអាយុកាលជាង១ខែ និងបាក់កងាប់ជាបណ្តើរៗបង្កក្លាយជាជីតែម្តង ។

អ្នកនាងម្ចាស់ចម្ការក៏បានបង្ហាញគម្រោងដាំផ្កាមួយចំនួនទៀតដើម្បីបំរើលើវិស័យទេសចរណ៍ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋឲ្យដាំផ្កាឲ្យបានច្រើនសម្រាប់ពួកគាត់មកលេងកម្សាន្ត ។

ប្រជាពលរដ្ឋដែលមកលេងកម្សាន្តចម្ការឈូករ័ត្ន ខាងលើបានលើកឡើងបង្ហាញពីអារម្មណ៍រីករាយ និងស្រស់ថ្លាក្នុងចិត្តដែលបានមកឃើញផ្កាឈូករ័ត្នដ៏ស្រស់ស្អាត និងថតរូបលេងទុកជាអនុស្សាវរីយ៍ ។ កន្លងមកនៅតាមទល់ដែនកម្ពុជា-ថៃ ជាពិសេសនៅស្រុកសំពៅលូនមិនមានដាំផ្កាជាចម្ការបែបនេះសម្រាប់ឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តនោះឡើយ ដោយជាលើកដំបូងបានឃើញពីការដាំផ្កាឈូករ័ត្នជាចម្ការមានអារម្មណ៍ប្លែក និងស្រស់ស្រាយបំផុត ។

ជុំវិញផ្កាឈូករ័ត្ននេះផងដែរ បើយោងតាមការដកស្រង់ពីឯកសារសុខភាពដែលបានចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបានបង្ហាញឲ្យដឹងថា គ្រាប់ផ្កាឈូករ័ត្នបានផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សជីវជាតិ​ដែលមាន​ក្នុង​គ្រាប់​ផ្កាឈូករ័ត្ន​ល្អ​បំផុត​សម្រាប់​សុខភាព​សក់ និង​បេះដូង​ ។ វា​ក៏​ជួយ​ពង្រឹង​ដល់​ការ​គេង អារម្មណ៍ល្អ និង​ភាព​អាចមាន​កូន​បាន​របស់​បុរស​ ។ អ្វីដែល​កាន់តែ​ល្អ​នោះ​គឺថា គ្រាប់​ផ្កាឈូករ័ត្ន​ត្រូវបាន​គេ​ចាត់ទុកជា​អាហារសម្រន់​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ឆ្ងាញ់​ណាស់​ ។ គ្រាប់​ធញ្ញជាតិ​ដ៏​ឆ្ងាញ់​នេះ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព វីតាមីន E វីតាមីន B ស័​ង្គ​សី ផូស្វ័រ ប៉ូ​តា​ស្យូ​ម ជាតិ​ដែក កាលស្យូម និង​ប្រូតេអ៊ីន​៕សំ វិច្ឆិកា


ចែករំលែក៖