ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ តុលា ២០១៩ នេះ នគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្សយ័ចំនួន៤នាក់ផ្សេងទៀត ទៅតុលាការដើម្បីផ្តន្ទាទោស ក្នុងនោះមានជនជាតិចិន២នាក់ និងជនជាតិខ្មែរ២នាក់ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ២០១៩។
លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនព្រហ្មទណ្ឌអោយបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្សយ័ទាំង៤នាក់នេះ គឺនគរបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីនគរបាលចាប់ខ្លួនជនសង្សយ័២នាក់បានភ្លាមៗក្រោយពេលកើតហេតុ ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់ថា ជនសង្សយ័ជាជនជាតិចិន២នាក់ក្រោយនេះជាបក្ខពួកក្រុមឃាតករដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា(សរុប៤នាក់ស្រីម្នាក់)ត្រូវបានចាប់ខ្លួនអស់ហើយ។
ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាសុីណូ ដែលនគរបាលចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ពន្ធ័នឹងបទផ្សំគំនិត(លក់អាវុធអោយក្រុមជនសង្សយ័) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។
ជនសង្សយ័មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ CHEN HAO ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ នាង សានិតភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាសុីណូ។
៤.កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាសុីណូ ៕ ឆ្លាម សមុទ្រ