ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យសហការ មន្ត្រីជំនាញទីផ្សារពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យការប្រមូលផល របស់កសិករ រួមទាំងពិនិត្យមើលតម្លៃទិញការទិញ លក់រវាងកសិករ និងឈ្មួញ នៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការនោះដឹកនាំកម្លាំងដោយលោកអភិបាលខេត្តបន្ទាយមានជ័យរួមមន្ត្រីជំនាញទីផ្សារពាណិជ្ជកម្មខេត្ត លោក ដុំវណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើនរួប ។
របាយការណ៍ផ្លូវការរបស់ជំនាញពាណិជ្ជកម្មខេត្តឲ្យដឹងថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយហិកតា គិតជាមធ្យមពី២៨០០បាត ទៅ៣០០០បាត (តាមបំបន់នីមួយៗ) ។
តម្លៃស្រូវចន្លោះពី ៧.៨០០ បាតទៅ ៨៣០០បាត ស្មើនឹង១.០៥៣.០០០រៀល ក្នុង១តោនទៅ ១.១២០.៥០០រៀល ក្នុង១តោន(តាមប្រភេទគុណភាពស្រូវ) ។
បញ្ហាប្រឈមមានដូចជាការប្រើប្រាស់ពូជន៍មិនសុទ្ធ ស្រូវទំមិនស្មើគ្នា គ្រាប់ស្រូវស្រអាប់មិនល្អ ។
របាយការបង្ហាញថាៈមូលហេតុដែលធ្វើឲ្យតម្លៃស្រូវធ្លាក់ចុះឆ្នាំនេះ ដោយសារពុំសូវ មានប្រភពបញ្ជាទិញ ប្រមូលផលព្រមៗគ្នាក្នុងពេលតែមួយ ពុំបានប្រមូលផ្តុំគ្នា ដើម្បីលក់ក្នុងតម្លៃតែមួយ ពុំបានធ្វើកិច្ចសន្យាទិញលក់ ជាមួយក្រុមហ៊ុនទិញស្រូវ និងព្រឹត្តិការណ៍ ០៩ វិច្ឆិកា ហើយបញ្ហប្រឈម និងមូលហេតុទាំងនេះ ឈ្មួញទិញស្រូវយកធ្វើជាលេស ដើម្បីទម្លាក់តម្លៃ ។
សំណូមពរជារួម ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ សមាគមរោងម៉ាស៊ីនស្រូវ តំណាង RDB តំណាងក្រុមហ៊ុនបៃតង ដើម្បីជួយដោះស្រាយបញ្ហាខាងលើនេះ និងធ្វើជាវិធានការការពារត្រៀមសម្រាប់រដូវប្រមូលផលស្រូវស្រាលដើមរដូវ និងរដូវប្រមូលផលបន្តបន្ទាប់ទៀត ។
ជាមួយ និងការគិតគូរដល់ ប្រជាពលរដ្ឋ ពិសេសប្រជាកសិករ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថាៈក្នុងកិច្ចប្រជុំសំខាន់ៗរបស់រដ្ឋបាលខេត្ត តែងតែផ្តល់អនុសាសន៍ណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីចុះទៅមូលដ្ឋានដើម្បីប្រមូលយកព័ត៌មាន សំណូមពរ របស់ពលរដ្ឋ និងមានវិធានការដោះស្រាយ ហើយបើពុំអាចដោះស្រាយត្រូវធ្វើរបាយការណ៍តាមឋានានុក្រមមកខេត្ត និងទៅក្រសួង ក្រុមការងារថ្នាក់ជាតិ ដើម្បីរួមគ្នាដោះស្រាយ ។
លោកមានប្រសាសន៏បន្ថែមថាៈលោក តែងតែចុះទៅជួបកសិករ ពិនិត្យមើលការងារបង្ករបង្កើនផល តាំងពីរដូវបង្កបង្កើនផល ខ្វះទឹក និងជួបគ្រោះទឹកជំនន់ជាដើម ដើម្បីមានជាវិធានជួយប្រជាពលរដ្ឋ ។
ខែប្រមូលផលស្រូវ និងតម្លៃស្រូវ នាពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៩នេះ ប្រជាកសិករ ចាប់ផ្តើមប្រមូលផលប្រភេទស្រូវស្រាល(ម៉ាលី ឬផ្ការំដួលឬសែនក្រអូប) ជាបណ្តើរៗហើយ ៕ វណ្ណា