ដោយមានការត្រួតពិនិត្យយ៉ាងតឹងតែង បំផុត ធ្វើឲ្យ ក្រុមជួញដូរមនុស្ស ពិបាកសម្រេចគោលដៅដឹកជនភៀសខ្លួនទៅកាន់ប្រទេសអង់គ្លេស។ ទាំងនោះហើយ បានជាក្រុមជួញដូរមនុស្សបង្វែរទិសដៅដឹកនាំនាវាវិញម្តង ។ ប៉ុន្តែនៅតែមិនអាចឆ្លងផុតពីក្រសែភ្នែកកម្លាំងប៉ូលិស។
នៅពេលនេះ ប៉ូលិសហុល្លង បានរកឃើញជនភៀសខ្លួន ២៥នាក់នៅក្នុងរថយន្តកុងតឺន័រក្លាសេ ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ កុងតឺន័រដឹកជនភៀសខ្លួនខាងលើធ្វើដឹកជញ្ជូនតាមនាវា ទៅកាន់ប្រទេសអង់គ្លេស។
ប្រភពព័ត៌មានពី មជ្ឈមណ្ឌលសេវាកម្មបន្ទាន់ នៅទីក្រុង Rotterdam បានបង្ហោះលើបណ្តាញសង្គម Twitter ថា«មានមនុស្សជាច្រើនត្រូវបានគេរកឃើញនៅក្នុងកុងតឺន័រ ដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់អង់គ្លេស។ មានមនុស្ស២៥នាក់ នៅក្នុងកុងតឺន័រ ហើយត្រូវបានត្រួតពិនិត្យសុខភាព ដោយមិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ។
ជនភៀសខ្លួនទំាងនោះត្រូវបានមើលថែ នៅក្នុងកំពង់ផែ Vlaardingen ជិតទីក្រុង Rotterdam។ ក្នុងចំណោមជនភៀសខ្លួន មាន២នាក់បញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីត្រូវពិនិត្យសុខភាព ដោយមានសភាពខ្យោយជាងគេ។ ជាមួយគ្នានេះដែរ កម្លាំងសន្តិសុខ ហុល្លង បានត្រួតពិនិត្យថាតើមានជនភៀសខ្លួន នៅក្នុងកុងតឺន័រផ្សេងទៀតដែរឬទេ។
នាវាដឹកទំនិញខាងលើជារបស់ក្រុមហ៊ុន DFDS seaways ហើយជនភៀសខ្លួននៅក្នុងកុងតឺន័រនោះ ត្រូវបានរថយន្តដឹកកុងតឺន័រយកមក បញ្ជូនតាមនាវានេះ។
រយៈពេលកន្លងមក មានជនភៀសខ្លួនជាច្រើន ព្យាយាមចូលទៅកាន់អង់គ្លេស ដោយធ្វើដំណើរតាមម្យោបាយដ៏គ្រោះថ្នាក់បំផុត។ ក្រុមជួញដូរមនុស្ស តែងតែលាក់ជនភៀសខ្លួននៅរថយន្តដឹកទំនិញក្លាសេ។ ហេតុការបែកធ្លាយក្រោយពេលរកឃើញជនភៀសខ្លួន ៣៩នាក់ស្លាប់នៅក្នុងរថយន្ត ដឹកទំនិញក្នុងប្រទេសអង់គ្លេស ដោយជនភៀសខ្លួនទាំងអស់ជាជនជាតិវៀតណាម៕