ខេត្តសៀមរាប៖ កម្លាំងនគរបាល ប្រឆាំងការជូញដូរមនុស្សនៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ឃាត់ខ្លួន បុរសម្នាក់ ករណី រំលោភ ប្អូនថ្លៃ បានសម្រេច ។ ការចាប់ខ្លួននេះ ធ្វើឡើង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីបាននាំជនសង្ស័យ មកសាកសួរ បំភ្លឺនៅអធិការដ្ឋាននគរបាល ស្រុកជីក្រែង ហើយជនសង្ស័យសារភាពថា ខ្លួចពិតជាបានធ្វើសកម្មភាពមែន ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឃន ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិរការ ឃុំកំពង់ក្ដី ស្រុកជីក្រែង បានចាប់រំលោភ ប្អូនថ្លៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនរងគ្រោះ អាយុ១៧ឆ្នាំ ។
សមត្ថកិច្ចបានបន្តថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅស្នាក់នៅ ផ្ទះបងស្រី រយៈពេល១៥ថ្ងៃ ហើយត្រូវ បានជនសង្ស័យ ដែលត្រូវជា បងថ្លៃ ចាប់រំលោភ បានសម្រេច ក្រោយមក ជនរងគ្រោះ ក៏បានទៅ មក រស់នៅ ទីរួម ខេត្តសៀមរាប ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីបាន ស្ដាប់ចម្លើយ ជនរង គ្រោះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការ ជូញដូរមនុស្ស នៃស្នងការនគរបាលខេត្ត សៀមរាប បានហៅ ជនសង្ស័យ មកបំភ្លឺដោយមានការ សម្របសម្រួល ពីព្រះរាជអាជ្ញាក្រោយមកបានឃាត់ខ្លួនតែម្ដង ដើម្បីបន្តនីតិវិធី ៕ ប៊ុនរិទ្ធី