ភ្នំពេញ៖ យុវជនម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ កំពុងដេកលង់លក់នៅលើគ្រែមុខផ្ទះ ប៉ុន្តែមិនទាន់បានសម្រេចផង ត្រូវនារីរងគ្រោះដឹងខ្លួនស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ភ្លាមនោះជនសង្ស័យបានលើខោឡើងរួចរត់គេចខ្លួនបាត់បានមួយថ្ងៃត្រូវសមត្ថកិច្ចស្រាវជ្រាវតាមខ្លួនបានតែម្តង ។
ករណីឃាត់ខ្លួនជនល្មោភកាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ១៧E៤ ផ្លូវលេខ១៨២ ក្រុម៤១ ភូមិ៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សី ស៊ីទី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧E៤ ផ្លូវលេខ១៨២ ក្រុម៤១ ភូមិ៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ង ស.ម ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់ក្បែរផ្ទះជនសង្ស័យ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ នារីរងគ្រោះបានស្លៀករ៉ូដេកលង់លក់នៅលើគ្រែខាងមុខផ្ទះ ស្រាប់តែជនសង្ស័យស្រវឹងស្រាបានឡើងមកលើផ្ទះក៏ឃើញនារីរងគ្រោះកំពុងដេកលក់ ក៏ឡើងទៅបំពោកលើរួចសម្រាតខោនាងហើយយកប្រដាប់ភេទរបស់ខ្លួនដាក់ចូល ធ្វើឲ្យជនរងគ្រោះដឹងខ្លួន ភ្ញាក់ឡើងស្រែកឆោឡោផ្អើលអ្នកជិតខាងតែម្តង ។ ភ្លាមនោះជនសង្ស័យភ័យពេកក៏លើខោស្លៀករត់គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
មន្រ្តីដដែលបន្តថា ក្រោយទទួលពាក្យបណ្ដឹងនារីរងគ្រោះរួច កម្លាំងនគរបាលជំនាញបានស្រាវជ្រាវ រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យត្រលប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ស រស្មី