ខេត្តកណ្តាល៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់មានមាឌធំ បានយកកាំបិតចុងស្រួចភ្ជង់ ក ជនរងគ្រោះពីរនាក់ប្តីប្រពន្ធឆក់យកកាបូបលុយ និងឡំប្រឺតា PassApp មួយ គ្រឿងយកទៅបាត់ដោយសុវត្ថិភាព តែក្រោយមកសមត្ថកិច្ចតាមប្រមាញ់ចាប់ជនសង្ស័យនេះទាល់តែបាន។
ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃ អង្គារ ៨រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី១៩ វិច្ឆិកា ឆ្នំា២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៨ ក្នុងភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធនេះមាន ឈ្មោះ អាន សុភ័ក្រ ភេទ ប្រុសអាយុ២៣ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់(Pass App) មានទីលំភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ប្តី) ឈ្មោះ ជ សុវណ្ណឌី ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅភូមិ ឃុំ ជាមួយឈ្មោះ អាន សុភ័ក្រ (ប្រពន្ធ)។ ជនរងគ្រោះបានបាត់សម្ភារៈរួមមាន ឡំប្រឺតា PassApp ១ គ្រឿង ពណ៌ ស គ្មានស្លាកលេខ កាបូបលុយ១ដែល ក្នុងកាបូបលុយមាន ទូរស័ព្ទចំនួន២គ្រឿង និងប្រាក់រៀល៥ម៉ឺនរៀល។
ប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ អាន សុភ័ក្រ ប្រកបមុខរបររត់PassApp ហើយកន្លងមកជនរងគ្រោះធ្លាប់ដឹក ជនសង្ស័យជាច្រើនលើកមកហើយដែរ។ នៅថ្ងៃទី១៨ វិច្ឆិកា ២០១៩ម៉ោង១១និង៣០នាទីយប់ ជនរងគ្រោះ បានដឹកជនសង្ស័យ១នាក់មិនស្គាល់ឈ្មោះ និងម្នាក់ទៀតមកជាមួយជនសង្ស័យដែរតែមិនស្គាល់ឈ្មោះ រួមទាំងប្រពន្ធរបស់ខ្លួនដឹកចេញពីផ្លូវវេងស្រេង រាជធានីភ្នំពេញ ថាទៅវិមានឈ្នះៗ ។ ពេលទៅដល់វិមានឈ្នះៗ ជនសង្ស័យឲ្យឌុបបន្ត ទៅស្ពានព្រែកតាមាក់ហើយ ពេលមកដល់ស្ពានព្រែកតាមាក់ ប្រាប់ឲ្យឌុបបន្តទៅមុខទៀត។ ពេលទៅដល់កន្លែងកើតហេតុជនសង្ស័យបានឲ្យជនរងគ្រោះឈប់ PassApp ហើយភ្លាមនោះស្រាប់តែជនសង្ស័យម្នាក់មាឌធំបានយកកាំបិតចុងស្រួចភ្ជង់ ក ជនរងគ្រោះឈ្មោះ ជ វណ្ណឌី ជាប្រពន្ធ ហើយថែមទាំងវាយត្រូវចំមុខជាច្រើនដៃ រួចឆក់យកកាបូបលុយពីដៃ។ លុះពេលប្តីឃើញដូចនោះអាណិតប្រពន្ធពេកក៏ប្រគល់PassAppឲ្យទៅជនសង្ស័យ រួចជនសង្ស័យជិះទៅទិសខាងកើតសំដៅទៅស្រុកពារាំង ខេត្តព្រៃវែង។ចំណែកជនម្នាក់ទៀតដែលមកជាមួយជនសង្ស័យ មិនបានទៅជាមួយជនសង្ស័យនោះទេ។
បន្ទាប់មកជនរងគ្រោះពីរនាក់ប្តីប្រពន្ធ និងម្នាក់មកជាមួយជនសង្ស័យនោះ បានហៅរថយន្តគេដឹកស្រូវជិះតាមរកជនសង្ស័យ តែរកមិន ឃើញ ក៏ជិះរថយន្តដឹកឥដ្ឋត្រឡប់មកឃុំព្រែកតាមាក់វិញ ហើយចូលដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
យ៉ាងណាក្នុងករណីនេះ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលភ្ជង់ប្លន់ Pass App ប្តីប្រពន្ធ២នាក់ នៅស្រុកខ្សាច់កណ្តាលនោះត្រូវបាន កម្លាំងរបស់លោកចាប់បានហើយ នៅស្រុកមេសាង ដោយបានប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបន្ថែមទៀតថា នៅវេលាម៉ោង៦និង៥០នាទី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់នេះបាននៅស្រុកមេសាង ។
ជនសង្ស័យមានឈ្មោះ បាន រដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។
ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យរូបនេះបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា