ខេត្តស្វាយរៀង៖ ព្រះសង្ឃគង់នៅវត្តអង្គុញ ឃុំដូង ស្រុករមាសហែក និងកូនសេករត់ផ្អើល និងស្រែកហៅដល់អ្នកស្រុកនាំគ្នាប្រញាប់ប្រញាល ជួយអន្តរាគមន៍ ប៉ុន្តែហួសពេលទៅហើយ ខណៈទំនងទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះបែបនេះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងព្រះវិហារវត្តអង្គុញ ស្ថិតក្នុងភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ចំពោះសម្ភារដែលខូចខាតដោយឆាបឆេះមាន ទៀនវស្សាធំៗ៦ដើម ជើងធូប និងសម្ភារបូជា ផ្សេងៗ សំណាងមិនមានមនុស្សរងគ្រោះថ្នាក់អាយុជីវិត ។
សមត្ថកិច្ចបានបន្តថាៈ នៅម៉ោង៧ និង៣០ នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានឈ្មោះ មាស សាឯម ភេទប្រុស អនុប្រធានភូមិអង្គញ់ បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា មានករណីភ្លើងឆេះក្នុងព្រះវិហារវត្តអង្គុញ ស្ថិតក្នុងភូមិអង្គុញ ឃុំដូង ។ ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយលោកមេឃុំដូង បានមកពិនិត្យឃើញថា ភ្លើងឆេះសម្ភារ ទៀនវស្សាធំៗ ៦ ដើម ជើងធូប និងសម្ភារបូជា ផ្សេងៗក្មុងព្រះវិហារ រូបបដិមាត្រូវបានឆេះខូចខាតទាំងស្រុង ។
តាមការឲ្យដឹងពីព្រះសង្ឃថា កាលពីយប់ម៉ោងប្រហែល១០ ក្នុងវត្តបានដាច់ភ្លើងហើយព្រះសង្ឃ សឹងរហូតទល់ភ្លឺ ទើបមិនដឹងថាមានភ្លើងឆាបឆេះបែបនេះ ៕ យឹម សុថាន