ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអំពៅស្រុកស្វាយទាប​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ ជ្រើសរើសកម្មករឲ្យមានការងារធ្វើ បន្ថយចំណាកស្រុក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មានការ​ងារ​ធ្វើ ខណៈ​ដែល​រដូវ​ប្រមូល​ផល​អំពៅ​ចូល​មក​ដល់ និង​ត្រៀម​ដាំ​ដុះ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន ​អី​ស​ធើ​ន​រ៉ា​យ​ហ្វៀ​ល​ឌី​វ៉េ​លុប​មែន​ខូ​ល​អិ​ល​ធី​ឌី​ដាំ​អំពៅស្ករ​ ត្រូវការ​ជ្រើសរើស​កម្មករ​ទាំង​២​ភេទ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ​អំពៅ និង​អ្នក​កាប់​ប្រមូល​ផល​អំពៅ​លើ​ផ្ទៃដី​៦,០០០​ហិ​កតា​របស់​ក្រុមហ៊ុន ។

បើ​តាម​លោក កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន ដាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ត្រូវការ​កម្លាំង​ពលកម្ម​មក​ធ្វើការ​ចាប់ពី​ ៣.៥០០​នាក់ ទៅ​៤៥០០​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ និង​ត្រៀម​ប្រមូល​ផល​អំពៅ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ លើ​ផ្ទៃដី​ប្រមាណ​ជាង​៦,០០០​ហិ​កតា ដែល​មាន​ទិន្នផល​សរុប​៣០០.០០០​តោន ដែល​ស្ថិត​នៅ​ឃុំ​ពងទឹក ឃុំ​បុស​មន ស្រុក​រំដួល ឃុំ​គគីរ​សោម ឃុំ​ព្រៃ​តា​អី ឃុំ​ពពែ​ត ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប និង​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង ។

លោក​បាន​បន្ត​ទៀត​ថា ខាង​ក្រុមហ៊ុន​លោក​បាន​ដាក់​ទុន​វិនិយោគ​លើ​ដំណាំ​គួប​ផ្សំ​ជា​ច្រើន​មុខ​លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតា ជា​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក​ម្ព​ជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មានផ្ទះ​ជិត​មូលដ្ឋាន ដែល​ក្រុមហ៊ុន​មានការ​ដំ​ដុះ​នូវ​ដំណាំ​ខាងលើ​នេះ ហើយ​រក​ចំណូល​បាន​ល្អ​ប្រសើរ​មិនបាច់​ចេញ​ទៅ​រក​ការងារ​នៅ​ឆ្ងាយ​ក្រៅ​ស្រុក​នោះ​ទេ

ចំពោះ​អ្នក​កាប់​អំពៅ​ក្រុមហ៊ុន​គិត​តម្លៃ​អាច​រកបាន​ច្រើន​គួរសម​ក្នុង​មួយ​ថ្ងៃ​ម្នាក់​អាច​រក​ប្រាក់​ថ្លៃ​ឈ្នួល​កាប់​អំពៅ​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល ។

លោកក៏បានលើកឡើងពីវិស័យកសិឧស្សាហកម្មក្នុងស្រុកស្វាយទាបក្នុង ឃុំមួយចំនួន មានការអភិវឌ្ឍន៍ហួសពីការស្មាន ដោយខាងក្រុមហ៊ុនរបស់លោក ជួយស្វែងរកអ្នកវិនិយោគ និងជួយកសាងជុសជុលផ្លូវមួយចំនួន ងាយស្រួលដល់បងប្អូនលោកតា លោកយាយ ក្នុងការធ្វើដំណើរ និងដឹកកសិផល ទៅលក់លើទីផ្សារ ព្រមទាំងក្រុមហ៊ុនជួយការងារសង្គមជាច្រើន ក៏ដូចជាឧបត្ថមជាសម្ភារសិក្សា និងថវិកាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រខ្វះខាតជារៀងរាល់ឆ្នាំផងដែរ ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ កម្ពុជា ទូទាំងប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដោយអភិវឌ្ឍន៍លើដំណាំ កៅស៊ូ អំពៅ ដំឡូងមី និងផលិតស្រូវ មានការកើនឡើងជា លំដាប់ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងខេត្ត ស្វាយរៀងបាន នាំផលិតផលអំពៅ ពោត ដំឡូងមី និងកៅស៊ូ រាប់សិបតោនទៅកាន់ទីផ្សារក្រៅខេត្ត ដើម្បីប្រប្រមូលរូបីយបណ្ណ័បរទេស យកមកអភិវឌ្ឍន៍ខេត្ត និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅ ក្នុងតំបន់បានល្អមួយ កម្រិតទៅតាមគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូលផងដែរ ៕ យឹម សុថាន


ចែករំលែក៖