ខេត្តឧត្តរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋ០១ខ្នង ត្រូវបានអគ្គិភ័យឆេះ អស់ទាំងស្រុង កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយសារម្ចាស់ផ្ទះត្រជាក់ខ្លាំងពេក ដុតភ្លើងដេកឆ្អើរ រាលឆេះតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះ០១ខ្នង ដែលត្រូវភ្លើងឆាបឆេះនោះ គឺជាផ្ទះតៀម សង់ពីឈើ ទំហំ ៤,៥០ម៉ែត្រ គុណនឹង ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ម្ចាស់ផ្ទះមាន ឈ្មោះព្រឿយ ជួន អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ ម៉ន សុផា អាយុ ២២ឆ្នាំ មានកូនចំនួន០១នាក់ ប្រុស អាយុ ៣ខែ។
សមត្ថកិច្ចបានបន្តថា មូលហេតុនៃករណីនេះ ដោយសារម្ចាស់ផ្ទះ ដុតភ្លើងដេកឆ្អើរ ទើបបណ្ដាលឲ្យរាលឆេះ ក៏នាំប្រពន្ធកូនរត់ចេញក្រៅផ្ទះ និងហៅអ្នកជិតខាងឲ្យជួយពន្លត់ តែខ្យល់ខ្លាំងពេក ទើបពន្លត់មិនបាន ៕ ប៉ែន នួន