ព័ត៌មានទាន់ហេតុការណ៍៖

ពស់ស្រកាចាស់ចឹកបុរសម្នាក់ចុកននៀល ខណៈកំពុងច្រូតស្រូវក្នុងស្រែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករម្នាក់បានរងគ្រោះដោយពស់ស្រកាចាស់ចឹក ខណៈកំពុងច្រូតស្រូវក្នុងស្រែ ធ្វើឲ្យមានការចុកចាប់យ៉ាងខ្លាំង ហើយត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ៩កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីប្រជាកសិករ ដែលច្រូតស្រូវជាមួយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡោម ញឹប ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ មុនពេលកើតហេតុជនរងគ្រោះ និងអ្នកភូមិឯទៀតនាំគ្នាទៅច្រូតស្រូវទុំនៅស្រែចម្ងាយពីភូមិជាង៥០០ម៉ែត្រ ដោយច្រូតតាមស្រែរៀងៗខ្លួន ។ លុះច្រូតស្រូវបានមួយសន្ទុះ ស្រាប់តែជនរងគ្រោះដើរជាន សត្វពស់ស្រកាចាស់មួយក្បាលប៉ុនមេជើង និងមានប្រវែងជិត២ម៉ែត្រ ធ្វើឲ្យពស់នេះលោតចឹកកជើងជនរងគ្រោះបណ្តាលឈឺចុកចាប់ននៀលដីយ៉ាងខ្លាំង ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីឃើញដូច្នេះ ប្រជាកសិករនៅក្បែរនោះនាំគ្នាដែញវាយសម្លាប់ពស់ស្រកាចាស់នេះទាល់តែបាន។ ដោយឡែកជនរងគ្រោះត្រូវក្រុមគ្រួសារ និងអ្នកភូមិដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យទាន់ពេលវេលានិងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ៕ ប្រាថ្នា


ចែករំលែក៖