ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃទីផ្សារមើមប៉ិគក់កំពុងឡើងថ្លៃនៅឆ្នាំនេះ កសិករនៅក្រុងសិរីសោភ័ណនាំគ្នាចាប់យកមុខរបរដាំដុះដំណាំនេះដើម្បីបង្កើនជីវភាពក្នុងគ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​កសិករនៅភូមិពង្រនិងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននាំគ្នាចាប់យកមុខរបរដាំដំណាំមើមប៉ិគក់បន្ថែមលើមុខរបរធ្វើស្រែចំការដើម្បីបង្កើនចំណូលបំរើជីវភាពរស់នៅក្នុងគ្រួសារឱ្យកាន់តែប្រសើរខណៈដែលទីផ្សារមើមប៉ិគក់នៅឆ្នាំនេះមានតម្លៃខ្ពស់ទ្វេរដងជាងឆ្នាំមុន។

​លោកពូមានឈ្មោះ ម៉ាង ម៉ន បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី៩ ខែតុលា ឱ្យដឹងថា បច្ចុប្បន្នគ្រួសាររបស់គាត់ឆ្លៀតពីការប្រកបមុខរបរធ្វើស្រែ ក៏នាំគ្នាមកដាំដំណាំមើមប៉ិគក់នៅលើផ្ទៃដីជាង១ហិកតា។ដំណាំនេះគឺមានការដាំដុះឆាប់ទទួលបានផលដោយការថែទាំឱ្យបានដិតដល់រយៈពេល៣ខែនិងប្រមូលផលយកទៅលក់នៅទីផ្សារ។

​លោកពូប្រាប់ទៀតថាក្នុងមុខរបរដាំដុះបន្លែមើមប៉ិគក់នៅពេលតម្លៃទីផ្សារឡើងថ្លៃបែបនេះគាត់ក៏ដូចជាកសិករដាំដុះបន្លែមើមប៉ិគក់ដូចគ្នានាំគ្នាសប្បាយរីករាយនិងមានកម្លាំងចិត្តក្នុងការផលិតដាំដុះបន្លែមើមប៉ិគក់។តម្លៃទីផ្សារដំណាំមើមប៉ិគក់នៅឆ្នាំនេះក្នុង១គីឡូក្រាម១ពាន់រៀលដោយតម្លៃឆ្នាំនេះខ្ពស់ជាងឆ្នាំមុនគឺប៉ិគក់១គីឡូក្រាមពី៣០០រៀលទៅ៥០០រៀលប៉ុណ្ណោះ។

​លោកពូប្រាប់ទៀតថា ក្រៅពីការដាំដុះបន្លែមើមប៉ិគក់ គ្រួសារគាត់មិនទុកពេលវេលាទំនេរនោះទេបាននាំគ្នាដាំបន្លែរួមផ្សំមួយចំនួនទៀតដូចជាបន្លែទ្រព្យ ពោធ សណ្តែកគួ ផ្លែល្ពៅ ជាដើម ដើម្បីរកចំណូលបន្ថែមក្នុងការដោះស្រាយជីវភាពគ្រួសារ៕ សំ វិច្ឆិកា


ចែករំលែក៖