ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីលុយគេជាង៧ម៉ឺនដុល្លារ ដល់ថ្ងៃកំណត់ត្រូវសងបែរជាគេចវេះ ជនរងគ្រោះប្ដឹងនគរបាលព្រហ្មទណ្ឌក្រសួងឃាត់ខ្លួនប្រពន្ធ ខណៈបុរសជាប្តីគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ បានទៅខ្ចីលុយអ្នកស្គាល់គ្នាជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃកំណត់ត្រូវសងបែរជាគេចវេះ ត្រូវជនរងគ្រោះប្ដឹងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនប្រពន្ធ ខណៈបុរសជាប្តីគេចខ្លួនបាត់ ។

មន្រ្តីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងជំនាញបានចាប់ខ្លួនស្ដ្រីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បន្តថា ស្ដ្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនរងគ្រោះបានរៀបរាប់ថា ឈ្មោះ ហេង សេដ្ឋាលីដា និងប្ដីឈ្មោះ អ៊ាង ម៉េងយូ បានខ្ចីលុយរបស់ខ្លួន ជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃកំណត់ត្រូវសងបែរជាគេចវេះ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញតែម្ដង។

បច្ចុប្បន្នស្ដ្រីខាងលើនេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ស តារា


ចែករំលែក៖