សំឡេងរំខានរបស់យន្តហោះចម្បាំងអាមេរិកបានធ្វើឲ្យពលរដ្ឋជប៉ុនតវ៉ាជាច្រើននាពេលកន្លងមក។ទាំងនោះហើយបានជាជប៉ុនចំណាយប្រាក់ជិត១៥០លានដុល្លារទិញកោះឲ្យអាមេរិកធ្វើសមយុទ្ធ។
កាលពីថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ប្រទេសនេះនឹងទិញកោះដ៏ធំមួយគ្មានមនុស្សរស់ ស្ថិតនៅនិរតីប្រទេសនេះទុកឲ្យទាហានអាមេរិក ធ្វើសមយុទ្ធ។
ប្រធានការិយាល័យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បានឲ្យដឹងថារដ្ឋាភិបាលបានពិភាក្សា ជាមួយម្ចាស់កម្មសិទ្ធិកោះ Mageshima ហើយបានផ្តល់តម្លៃទិញកោះគិតជាទឹកប្រាក់ចំនួន ១៤៦លានដុល្លារ។
កន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូនិងវ៉ាស៊ីនតោនបាន ព្រមព្រៀងគ្នា ផ្លាសប្តូរទីតាំងសម្រាប់ហ្វឹកហាត់យន្តហោះចម្បាំង ទៅកាន់កោះ Mageshima វិញ។ កោះនេះស្ថិតនៅចម្ងាយពីឆ្នេរសមុទ្រជប៉ុនតែ៣០គីឡូម៉ែត្រតែប៉ុណ្ណោះ។
កម្លាំងទាហានអាកាសអាមេរិក ត្រូវបានហាមប្រាមហ្វឹកហាត់ហោះហើរនៅទីតាំងយោធា ដែលមានពលរដ្ឋរស់នៅច្រើន បង្កឲ្យមានសំឡេងរំខាង។ជប៉ុនអនុញ្ញាតឲ្យទាហានអាមេរិកហ្វឹកហាត់នៅតំបន់ Iwo Jima មានចម្ងាយពីទីក្រុងតូក្យូ ១២០០គីឡូម៉ែត្រ ប៉ុន្តែភាគីអាមេរិកបានត្អូនត្អែថាឆ្ងាយពេក ពីទីតាំងយោធានៅទីក្រុង Iwakuni ។
ក្រោយពេលទិញកោះ Mageshima រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមសាងសង់ ទីតាំងយោធាថ្មី នៅទីនោះ ដើម្បីឲ្យយន្តហោះចម្បាំងអាមេរិក ហោះហើរនិងចុះចត។ មិនតែប៉ុណ្ណោះទីក្រុងតូក្យូមានគម្រោងបញ្ជូនទាហានអាមេរិក មួយចំនួនធំទៅឈរជើងនៅលើកោះនោះវិញ ជាការបំពេញតាមការចង់បានរបស់ពលរដ្ឋ រស់នៅជិតទីតាំងយោធាអាមេរិកនៅ Okinawa ៕