សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនយោបាយសន្តិសុខ នៅក្នុងប្រទេសដែលគ្មានប្រមុខដឹកនាំ ក្រោយនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង ។ នៅពេលនេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ បានថ្លែង កាលពីថ្ងៃទី៣ ខែធ្នូ ថា អ៊ីរ៉ាក់ត្រូវតែជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មីជាបន្ទាន់ ដើម្បីស្វែងរកវិធីសាស្រ្ដ កសាងទំនុកចិត្ត និងបញ្ចប់នូវការតវ៉ាតាមដងផ្លូវ ហើយ និងការបង្រ្កាបយ៉ាងបង្ហូរឈាមបន្ដទៅទៀត ។
ថ្លែងតាមវីដេអូ ភ្ជាប់ពីទីក្រុងបាដាដ (Baghdad) លោកស្រី Jeanine Hennis-Plasschaert បានប្រាប់ទៅក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិថា អំពើពុករលួយ បញ្ហាសេវាកម្មសាធារណៈមិនល្អ ការអត់ការងារធ្វើ និងការជ្រៀតជ្រែករបស់អ៊ីរ៉ង់ ចូលក្នុងនយោបាយរបស់ប្រទេសអ៊ីរ៉ាក់ ទើបជំរុញប្រជាពលរដ្ឋអ៊ីរ៉ាក់ផ្ទុះកំហឹងឡើងយ៉ាងខ្លាំង ។ ជាមួយ និងការផ្ទុះឡើងនូវបាតុកម្ម អូសបន្លាយរយៈពេល២ខែមកនេះ ក៏ត្រូវបានកងកម្លាំងរបស់រដ្ឋាភិបាល បង្រ្កាបយ៉ាងបង្ហូរឈាម បានបណ្ដាលឲ្យមានមនុស្សជាង៤០០នាក់ស្លាប់ និងជាង១៩០០០នាក់ផ្សេងរងរបួស ។
ជាមួយគ្នានេះដែរ លោកស្រី Hennis-Plasschaert បានរិះគន់ទៅលើកងកម្លាំងសន្ដិសុខរបស់ប្រទេសអ៊ីរ៉ាក់ ដែលបានប្រើប្រាស់កម្លាំងហូសប្រមាណ ចាប់តាំងពីការបង្រ្កាបទៅលើបាតុករមុនដំបូង រហូតបណ្ដាលឲ្យស្ថានការណ៍មិនអាចគ្រប់គ្រងបាន ។ រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ អាច និងប្រឈមមុខដោះស្រាយបញ្ហាដែលកំពុងកើតឡើង ។ រហូតមកដល់ពេលនេះ កំណែទម្រង់ជាកញ្ចប់លើលំនៅឋាន ការអត់ការងារធ្វើ ហិរញ្ញវត្ថុ និងការអប់រំ ត្រូវបានគេយល់ថា «មិនប្រាកដនិយម ឬយឺតពេក» ក្នុងការដោះស្រាយស្ថានការណ៍នោះដែរ ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏ត្រូវតែស៊ើបអង្កេតទៅលើការបង្ក្រាបការប្រឆាំង និងការបញ្ចេញមតិជាសាធារណៈ រហូតបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ផងដែរ ។
ទោះជាយ៉ាងលោកស្រី បានជំរុញឲ្យប្រទេសនេះ ជ្រើសរើសនាយករដ្ឋមន្រ្ដីឲ្យបានឆាប់ សម្រាប់ដោះស្រាយស្ថានការណ៍ នៅក្នុងប្រទេសនេះ ។ ដោយឡែកលោក Adel Abdul Mahdi បានលាលែងពីតំណែង ក្រោយការបង្រ្កាបបាតុករយ៉ាងបង្ហូរឈាម កាលពីសប្ដាហ៍មុន ដោយបានបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់៕