ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់ ដើម្បីយកមកអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ។ ករណីនេះធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះម៉ៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ម៉ៅ រស្មី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។ បច្ចុប្បន្នស្នាក់នៅផ្ទះឈ្មោះ ម៉ៅ ស្ថិតក្នុងភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យ៣នាក់ដែលរត់គេចខ្លួនទី១/ឈ្មោះ ម៉ៅ ទី២/ឈ្មោះ ភ័ក្រ និងទី៣/ឈ្មោះ ឡុង ។ ជនសង្ស័យទាំង៣នាក់នេះ មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ក្នុងការចាប់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនចំនួន៩កញ្ចប់ធំល្មម ,ជញ្ជីងសំរាប់ថ្លឹងចំនួន១ និងឧបករណ៏សំរាប់ប្រើប្រាស់មួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានទទួលព័ត៌មានច្បាស់ការថា មានជនសង្ស័យកំពុងជួញដូរគ្រឿងញៀននៅភូមិឃុំកើតហេតុខាងលើ ភ្លាមនោះក៏សហការមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ រួចចុះទៅចំណុចកើតហេតុ ឃើញជនសង្ស័យមួយក្រុមកំពុងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្មេងស្រីម្នាក់ និងដកហូតថ្នាំញៀន៩កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ រួចយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ៅ រស្មី បានឆ្លើយសារភាពថា ថ្នំាញៀននេះពិតជារបស់ឈ្មោះ ភ័ក្រ ដែលយកមកឲ្យឈ្មោះ ម៉ៅ ដើម្បីលក់បន្តទៀត ៕ ស្អាងជ័យ