ការវាយឆ្មក់ របស់ក្រុមឧទ្ទាមរដ្ឋអិស្លាម បានសម្លាប់ទាហានជាង៧០នាក់របស់ប្រទេសណៃជឺ(Niger) ស្ថិតនៅបន្ទាយមួយ នាភាគខាងលិចប្រទេសនេះ ។ យោងតាមការចេញផ្សាយរបស់កាសែត theguardian នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា ការវាយឆ្មក់នោះ បានកើតឡើង នៅតំបន់ In Ates ជាប់ព្រំដែនជាមួយ និងប្រទេសម៉ាលី កាលពីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ករណីនេះត្រូវបានគេចាត់ទុកថា វាជាការវាយប្រហារសម្លាប់យ៉ាងរង្គាលបំផុត មកលើកងកម្លាំងទាហានរបស់ប្រទេសនីហ្សេរ នាអំឡុងពេលថ្មីៗ ចុងក្រោយបំផុតនេះ ។ ទោះជាយ៉ាងណា ពាក់ព័ន្ធ និងករណីមួយនេះ កម្លាំងយោធាប្រទេសនីហ្សេរ នៅមិនទាន់បញ្ចេញរបាយការណ៍ជាក់លាក់ អំពីជនរងគ្រោះបាត់បង់ជីវិត និងអ្នករងរបួសនោះឡើយ ។ ប៉ុន្តែក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះមន្ត្រីយោធាជាន់ខ្ពស់មួយរូបបានបញ្ជាក់ព័ត៌មានបឋមថា ជនរងគ្រោះបាត់បង់ជីវិត កើនជាង៧០នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា នៅមុនដំបូង ពួកជនវាយប្រហារបានវាយប្រហារទៅទីតាំងការិយាល័យភ្ជាប់ទំនាក់ទំនង បន្ទាប់មកក៏វាយប្រហារទៅលើទីតាំងកម្លាំងការពារមូលដ្ឋាននោះ ។ ទោះជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណរបស់ក្រុមអ្នកវាយប្រហារនៅឡើយ ។
ដោយឡែកក្រុមជ្រុលនិយមអិស្លាម ដែលភ្ជាប់ទំនាក់ទំនងជាមួយ និងក្រុមរដ្ឋអិស្លាម IS និង អាល់កៃដា តែងតែធ្វើសកម្មភាព វាយប្រហារប្រឆាំងលើកកម្លាំងរបស់រដ្ឋាភិបាលក្នុងតំបន់ អស់រយៈពេលជាយូរមកហើយ នៅតាមតំបន់វាលខ្សាច់នោះ ។ ឆ្នាំនេះសកម្មភាពវាយឆ្មក់ មានការកើនឡើង ក៏ដូចជា វត្តមានក្រុមឧទ្ទាមជាហូរហែ នៅក្នុងប្រទេសជិតខាង ដូចជាប្រទេស បូគីណា ហ្វាសូ ជាដើម ៕