ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ស៊ូជី បដិសេធ​បទប្រល័យពូជសាសន៍​នៅតុលាការ​អន្តរជាតិ

ចែករំលែក៖

នៅក្នុងតុលាការទីក្រុងឡាអេ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានការពារប្រទេសរបស់លោកស្រី ប្រឆាំង និងការចោទប្រកាន់អំពី អំពើប្រល័យពូជសាសន៍ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព បានឆ្លើយតបទៅ និងការអះអាងដែលបានផ្សព្វផ្សាយជាទូទៅថា ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើឃោរឃៅប្រឆាំង និងជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ។

នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១១ ខែធ្នូ (ពេលវេលានៅ​ទីក្រុងឡាអេ) លោកស្រីស៊ូជី បានហៅករណីប្រឆាំង មីយ៉ាន់ម៉ាថា “មិនពេញលេញ និងមិនត្រឹមត្រូវ” ។

ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៧០០.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលនៅជិតខាង អំឡុងពេលការបង្ក្រាបរបស់កងទ័ពមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០១៧ ។

មីយ៉ាន់ម៉ាតែងអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងពីក្រុមជ្រុលនិយមនៅក្នុងរដ្ឋរ៉ាក់ឃីន ហើយលោកស្រី ស៊ូជី បានប្រកាន់ជំហរ ដោយពណ៌នាអំពើហិង្សានោះថា ជា“ជម្លោះប្រដាប់អាវុធផ្ទៃក្នុង” ដែលបង្កឡើងដោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ទៅលើប៉ុស្តិ៍សន្តិសុខរបស់រដ្ឋាភិបាល ។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ, លោកស្រីអ៊ុងសាន ស៊ូជី តំណាងឲ្យមីយ៉ាន់ម៉ា បាន​ថ្លែងនៅចំពោះមុខចៅក្រមតុលាការក្រុងឡាអេ ថា មិនមានសកម្មភាពប្រល័យពូជសាសន៍ណាមួយ ធ្វើឡើងដោយកងទ័ពមីយ៉ាន់ម៉ា ទៅលើប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ានោះទេ ។ នៅមុខចៅក្រម ក្នុងសវនាការ​លោកស្រីបានថ្លែងថា៖ “យើងអាចចាត់ទុកថា ចំណាត់ការរបស់កងទ័ពមីយ៉ាន់ម៉ា អាចមានលក្ខណៈខ្លាំង ឬ ជ្រុលដៃ តែយើងមិនអាចនិយាយថា កងទ័ពមីយ៉ាន់ម៉ា មានបំណង​បោសសម្អាត ប្រល័យពូជសាសន៍ លើជនជាតិ រ៉ូហ៊ីងយ៉ា នោះទេ” ។ លោកស្រីបន្ថែមថា៖ “នៅក្នុងស្ថានការណ៍នេះ គេមិនអាចសន្និដ្ឋាន ឬចោទលើកឡើង តែទៅលើពាក្យ​ថា​ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍នោះឡើយ” ។

លោកស្រីបានអះអាងថា៖ “ប្រទេសហ្កំប៊ី បានបូកសរុបស្ថានការណ៍នៅមីយ៉ាន់ម៉ា ដោយសម្លឹងមើលតែមួយជ្រុង ហើយវាមិនឆ្លើយតប ទៅ និងតថៈភាពជាក់ស្តែង នៅឯរដ្ឋរ៉ាឃីនទេ” ។

សូមបញ្ជាក់ថា ប្រទេសហ្កំប៊ី ត្រូវបាន​ប្រទេសសមាជិកសហប្រតិបត្តិការអ៊ីស្លាម ទាំង​៥៧​ប្រទេស ចាត់តាំងឲ្យធ្វើជាតំណាង ដើម្បីដាក់ពាក្យប្តឹងទៅកាន់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ។ យោងតាមពាក្យបណ្តឹង ហ្កំប៊ី បានចោទថា មីយ៉ាន់ម៉ាបានធ្វើបំពានលើសន្ធិសញ្ញាអន្តរជាតិ​ប្រឆាំង និងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ចុះហត្ថលេខានៅឆ្នាំ១៩៤៨ ។

នៅ​ក្នុង​សវនាការរបស់​តុលាការ​ ក្រុម​មេធាវី​តំណាង​ឲ្យ​ប្រទេស​ហ្គំប៊ី​ បាន​រៀបរាប់​ឡើង​វិញ ​អំពី​ទង្វើ​ឃោរឃៅ​មួយ​ចំនួន​ ដែល​ប្រព្រឹត្តិ​ដោយ​យោធា​មីយ៉ាន់ម៉ា​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​ពួកគេ ។ លោកស្រី ស៊ូជី បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «នាំ​ឲ្យ​មាន​ការ​យល់​ខុស» ៕


ចែករំលែក៖