ក្រុមអ្នកឯកទេសវិភាគបានលើកលើងថា សកម្មភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ពិសេសគឺការចូលរួមពិភាក្សា «ដោយដៃទទេ»គ្មានផែនការណ៍ ច្បាស់លាស់ គ្មានគោលនយោបាយ ក៏ដូចជាជំរុញកិច្ចពិភាក្សាឲ្យសកម្ម បើទោះបី ដឹងថា កូរ៉េខាងជើងមានបំណងបោះបង់បរមាណូក្តី ។
សកម្មភាពទាំងនោះរបស់អាមេរិកត្រូវបាន អ្នកឯកទេសវិភាគលើកឡើងថា ជាយុទ្ធសាស្ត្ររបស់អាមេរិក ធ្វើឲ្យកូរ៉េខាងជើង ខឹងសម្បា ហើយបន្តសាកល្បងអាវុធ ធ្វើឲ្យសន្តិសុខក្នុងតំបន់កាន់តែតាន់តឹង ។ ចំណុចទាំងនោះ អាចជួយឲ្យវត្តមាន ទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុនមានតម្លៃ ពិសេសគឺការបង្វំឲ្យប្រទេស ទាំងពីរត្រូវចំណាយប្រាក់សម្រាប់ចិញ្ចឹមទាហានអាមេរិក រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ។ ក្រុមអ្នកឯកទេសលើកឡើងថាប្រសិនបើ មិនមានការប្រឈមមុខនៅឧបទ្វីកូរ៉េនោះ វត្តមានទាហានអាមេរិក គឺគ្មានតម្លៃឡើយ តែអាមេរិក ក៏មិនចង់ដកទាហានចេញពីទីនេះដែរ ដោយអាមេរិកមានគោលដៅផ្សេងទៀតក្រៅពីកូរ៉េខាងជើងនោះ ។
អាមេរិកកំពុងប្រើយុទ្ធសាស្ត្រ រក្សាទ័ពនៅប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនចំណាយប្រាក់ទៀត ។ ដើម្បីសម្រេចបានយុទ្ធសាស្ត្រនេះអាមេរិក មិនអាចបញ្ចប់ការប្រឈមមុខជាមួយកូរ៉េខាជើងជាដាច់ខាត ។ បើទោះបី អាមេរិកព្រមានដល់កូរ៉េខាងជើង ពីលទ្ធផលអាក្រក់ដោយសារតែការសាកល្បងមីស៊ីល ។
អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានសន្យាថា ទីក្រុងវ៉ាស៊ីនតោន និងសកម្មជាងនេះ ប្រសិនបើទីក្រុងព្យុងយ៉ាងវិលត្រឡប់ចូលតុពិភាក្សា ។ ប៉ុន្តែការសារល្បងមីស៊ីល ឆ្លងទ្វីបជាថ្មី របស់ប្រទេសនេះ និងទទួលបាននៅលទ្ធផលអាក្រក់ជាមិនខាន ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកលោកស្រី Kelly Craft កាលពីថ្ងៃទី១១ខែធ្នូបាន ថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បង មីស៊ីលឆ្លងទ្វីប ។ មីស៊ីលដែលកូរ៉េខាងជើង បានសាកល្បងជាថ្មីនោះ អាចវាយប្រហារនៅគ្រប់គោលដៅនៅលើទឹកដីអាមេរិក ដោយបំពាក់ក្បាល់គ្រាប់បរមាណូ ។
លោកស្រី Kelly Craft«ការសាកល្បងរបស់កូរ៉េខាងជើង មិនអាចជួយអ្វីដល់សន្តិសុខកូរ៉េខាងជើង នោះឡើយ ។ យើងខ្ញុំជឿជាក់ថាកូរ៉េខាងជើង និងបោះបង់ការគំរាមកំហែង និងចងគំនុំ ហើយជំនួសវិញដោយកិច្ចពិភាក្សា » ។ លោកស្រីបន្តទៀតថា ប្រសិនបើស្ថានភាព គ្មានជម្រើសទេនោះ អាមេរិក និងអង្គការសហប្រជាជាតិ និងបន្តដាក់ទណ្ឌកម្មទៅលើទីក្រងព្យុងយ៉ាង ។
បើទោះបីយ៉ាងណាក្តីអគ្គរដ្ឋទូតអាមេរិក បញ្ជាក់ថាអាមេរិក មានបំណងចង់ពិភាក្សាជាមួយកូរ៉េខាងជើង និងមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង បញ្ចប់ការប្រមុខដាក់គ្នា ។
កន្លងមកលោកត្រាំបាន សរសើរដល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង លោក និងមេដឹកនាំគីម ជុងអ៊ុន ក្រោយជួបគ្នា ៣ លើកមក ហើយ គឺនៅសិង្ហុបរី កាលពីថ្ងៃទី១២ខែមិថុនា ឆ្នា ២០១៨ លើកទីពីរនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ នៅទីក្រុងហាណូយប្រទេសវៀតណាម និង លើកទី៣ នៅព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩ ។
នៅពេលនេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា សហរដ្ឋអាមេរិកនាថ្ងៃពុធនេះបានប្រគល់មូលដ្ឋានទ័ពចំនួន ០៤កន្លែងទៀតឲ្យទៅកូរ៉េខាងត្បូងគ្រប់គ្រងវិញ ។
នាថ្ងៃពុធនេះកូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំមួយ ពាក់ព័ន្ធកិច្ចព្រមព្រៀងហៅកាត់ថា SOFA ដែលអនុញ្ញាតឲ្យទាហានអាមេរិកប្រមាណ ២៨,៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង ។ ក្រោយកិច្ចប្រជុំនោះ ដែលប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាមេរិក ខេមហាំប្រេយស៍ (Camp Humphreys) ក្នុងទីក្រុងព្យុងតេក (Pyeongtaek) ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល សហរដ្ឋអាមេរិកក៏បានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន ០៤ ឲ្យកូរ៉េខាងត្បូងវិញ ។
មូលដ្ឋានយោធាទាំង ០៤ ដែលរួមមាន ខេមអ៊ីហ្គល (Camp Eagle) និង ខេមឡង (Camp Long) នៅទីក្រុងវ៉ុនជូ (Wonju) ដែលមានចម្ងាយ ១៣០គីឡូម៉ែត្រភាគខាងកើត ទីក្រុងសេអ៊ូល, ខេមម៉ាឃីត (Camp Market) នៅទីក្រុងបាប់យុង (Bupyeong) ភាគខាងលិចសេអ៊ូល និងខេមហូវេយ (Camp Hovey) នៅក្រុង ដុងដុកឈាន់ (Dongducheon) ភាគខាងជើងនៃទីក្រុងសេអ៊ូល គឺត្រូវបានបិទទ្វាររួចអស់ទៅហើយ កាលពីចន្លោះឆ្នាំ២០០៩-២០១១ ។ ដំណើរការប្រគល់មូលដ្ឋានយោធាទាំង ០៤ ត្រូវបានពន្យារពេលរហូតមក ដោយសារបញ្ហាខ្វែងគំនិតគ្នាមួយចំនួនរវាងភាគីទាំងពីរ ។
គួរជម្រាបថា ការសម្រេចប្រគល់មូលដ្ឋានទ័ពទាំងនេះ ទៅឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលវិញ គឺជាផ្នែកនៃផែនការរុះរើទីតាំងរបស់កងកម្លាំងយោធាដែលឈរជើងនៅកូរ៉េខាងត្បូង ដើម្បីប្រមូលម្តុំកងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងបន្ទាយធំៗត្រឹមចំនួន ០២ គឺមួយនៅក្រុង ព្យុងតេក (Pyeongtaek) និងមួយទៀតនៅក្រុង ដេគូ (Daegu) ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍សេអ៊ូល ។
ក្នុងចំណោមមូលដ្ឋានទ័ពសរុបទាំង ៨០ របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង មូលដ្ឋានចំនួន ៥៤កន្លែងហើយដែលត្រូវបានប្រគល់ឲ្យដល់ដៃកូរ៉េខាងត្បូងវិញ ហើយ ២២កន្លែងទៀតនៅពុំទាន់ប្រគល់នោះទេ ខណៈដំណើរការប្រគល់មូលដ្ឋានទ័ព ០៤កន្លែងបន្ថែមថ្មីខាងលើទើបតែបញ្ចប់នៅថ្ងៃទី១១ខែធ្នូ៕