ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន Opennet ឡើងតខ្សែអ៊ីនធើណេតប៉ះចរន្តអគ្គិសនីឆក់ឆេះខ្លោចពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន Opennet ឡើងតខ្សែអ៊ីនធើណេតប៉ះចរន្តអគ្គិសនី ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នា រួមទាំងអ្នកភូមិនាំគ្នា ទាញយកចេញបញ្ជូនទៅសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវីត ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវនគរបាលឲ្យដឹងថា មានឈ្មោះ ទឹម ឈុន អាយុ ៣០ ឆ្នាំ ជា បុគ្គលិកក្រុមហ៊ុនOpennet ស្នាក់នៅ ម្តុំសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ត្រូវចរន្តអគ្គិសនីឆក់ឆេះសក់ និងឆេះខ្លោច ខ្នងរងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកធ្វើការជាមួយគ្នា ដឹកតាមម៉ូតូកង់៣បញ្ជូនទៅកាន់មន្ទីរពហុព្យាបាលតុសិត ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុគ្គលិក ក្រុមហ៊ុន ខ្សែកាបមានគ្នា ២នាក់ បានដាក់ជណ្តើរឡើង តខ្សែអ៊ីនធើណេត ។ ខណៈតបណ្តាញ នោះ ជនរងគ្រោះ ក៏បានដាក់ខ្សែក្រវាត់ត្រឹមត្រូវ ហើយបាន និងប៉ះបណ្តាញអគ្គិសនី ឆក់បែកផ្កាភ្លើង ឆេះ សក់ និងអាវ បណ្តាលឲ្យឆេះខ្លោចខ្នង ។

ប្រភពបន្តទៀតថា ភ្លាមៗ ត្រូវបានអ្នកធ្វើការការជាមួយគ្នា ទៅដោះខ្សែក្រវាត់ចាប់ទាញចេញយកដាក់លើដំបូលផ្ទះ ក្រោយមកអ្នកភូមិបាននាំគ្នា ជួយទំលាក់នាំយកទៅសង្គ្រោះ ។

បើតាមឈ្មោះឃួន ចាន់ធី អាយុ៣៥ឆ្នាំ ដែលជាអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថាខ្លួន ត្រូវបានបុគ្គលិកក្រុមហ៊ុន ជួលក្នុង១ថ្ងៃ តម្លៃ១៥ដុល្លារ ម្នាក់ដើម្បីឲ្យតខ្សែអ៊ីនធើណេតនៅពេលគាបខ្សែក៍ប៉ះខ្សែ បណ្តាញអគ្គិសនីឆក់ចរន្តឆក់បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖