ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកនារីកម្មការិនីរោងចក្រដើរឆ្លងផ្លូវរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រម្នាក់ បានរងរបួសបាក់ភ្លៅខាងឆ្វេងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលកំពុងដើរឆ្លងផ្លូវចូលធ្វើការរោងចក្រ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខរោងចក្រហុងវ៉ា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះឈ្មោះ នេត គុណថេ អាយុ១៨ឆ្នាំ ទើបធ្វើតេស្តជាប់ ចូលបម្រើការងារនៅរោងចក្រហុងវ៉ា ស្នាក់នៅជាមួយម្តាយមីង នៅផ្ទះជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ មានស្រុកកំណើត ភូមិប្រសែ ឃុំបឹងព្រះ ស្រុកបាភ្នំពេញ រងរបួសបាក់ភ្លៅឆ្វេង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះ ដើរឆ្លងផ្លូវ ពីត្បូងទៅជើង ឆ្ពោះចូលរោងចក្រហុងវ៉ា ខណៈដែលដើរដល់ទន្ទឹមខឿន ទ្រូងផ្លូវស្រាប់តែមានម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-1682 បើកបរក្នុងល្បឿនលឿនពីកើតទៅលិចជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ភ្លៅឆ្វេង សន្លប់ស្តូក ។

ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ទៅដល់កន្លែងកើតហេតុ រួមជាមួយប្រជាពលរដ្ឋ លើកយកទៅគ្លីនិកក្បែរនោះ រីឯអ្នកបើកបរម៉ូតូ ឆ្លៀតឱកាស បានគេចខ្លួនបាត់ ៕ សុខាសែនជ័យ​


ចែករំលែក៖